ទោះបីជាចូលចិត្តញ៊ាំយ៉ាអួរប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា អាហារសម្រន់នេះអាចប្រើជាម៉ាសជួយរក្សាសម្រស់ឱ្យស្រស់ស្អាតបានយ៉ាងប្រសើរ។ ត្រូវយកមកធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃម៉ាសយ៉ាអួរចំពោះសម្រស់ ព្រមជាមួយរបៀបធ្វើងាយៗ ៖
- អត្ថប្រយោជន៍នៃយ៉ាអួរចំពោះស្បែក
១. ស្បែកសភ្លឺថ្លាជាងមុន
នេះក៏ព្រោះតែជាតិអាស៊ីតឡាក់តិចក្នុងយ៉ាអួររារាំងការសំយោគអង់ស៊ីម Tyrosinase។ ជាលទ្ធផលជួយគ្រប់គ្រងការផលិតមេឡាតូនីនដែលទទួលខុសត្រូវចំពោះពណ៌នៃស្បែក។
២. ខាត់ស្បែក
អាស៊ីតឡាក់តិចក្នុងយ៉ាអួរក៏អាចជួយខាត់ស្បែកនិងធ្វើឱ្យកោសិកាស្បែកមានលក្ខណៈប្រសើរឡើងជាងមុន។ បន្ថែមពីនេះអាស៊ីតឡាក់តិចមិនបង្កការរលាកដល់ស្បែក ខណៈពេលកម្ចាត់កោសិកាស្បែកងាប់ៗឡើយ។
៣. អាចជួយកាត់បន្ថយមុន
យ៉ាអួរមានផ្ទុកជាតិស័ង្កសីជួយព្យាបាលការរលាកដែលបង្ករោគមុនលើស្បែក។
៤. ព្យាបាលស្នាមរង្វង់ខ្មៅក្រោមភ្នែក
ជាតិស័ង្កសីក្នុងយ៉ាអួរមិនត្រឹមតែជួយកាត់បន្ថយ ឬបំបាត់ស្នាមរង្វង់ខ្មៅក្រោមភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាលស្នាមជាំនិងស្នាមសំលាកផងដែរ។
៥. ពន្យឺតដំណើរការនៃការលេចឡើងនូវសញ្ញានៃភាពចាស់តាមវ័យ
យ៉ាអួរក៏មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរីជួយពន្យឺតការលេចឡើងនូវសញ្ញានៃភាពចាស់តាមវ័យ។
៦. កម្ចាត់រោគផ្សិតលើស្បែក
អាស៊ីតឡាក់តិចក្នុងយ៉ាអួរមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងរោគផ្សិតលើស្បែកគួរឱ្យកត់សម្គាល់។
មូលហេតុដ៏ប្រសើរមួយទៀតដែលអ្នកគួរប្រើប្រាស់ម៉ាសបិតមុខផ្សំឡើងពីយ៉ាអួរនោះ គឺវាជួយរក្សាភាពភ្លឺរលោងនិងក្មេងជាងវ័យនៃស្បែក។ យ៉ាអួរមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលស្បែកត្រូវការ។
- របៀបប្រើប្រាស់យ៉ាអួរជាម៉ាសបិតមុខ
១. រូបមន្តផ្សំឡើងពីទឹកឃ្មុំនិងយ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធកន្លះពែងជាមួយទឹកឃ្មុំ ២ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាសឱ្យពេញស្បែកមុខ និងក។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានស្បែកស្រស់ស្អាតភ្លឹរលោងបែបធម្មជាតិ។
២. រូបមន្តផ្សំឡើងពីស្ត្របឺរីនិងយ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនស្ត្របឺរីស្រស់ៗ ២ផ្លែជាមួយយ៉ាអួរសុទ្ធកន្លះពែងឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបល្បាយពេញលើស្បែកមុខ និងរងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយសប្តាហ៍។
៣. រូបមន្តផ្សំឡើងពីរមៀតនិងយ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ស្លាបព្រាបាយជាមួយយ៉ាអួរសុទ្ធកន្លះពែងឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយពេញលើស្បែកមុខ និងក។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍ដើម្បីឆាប់បាត់មុន។
៤. រូបមន្តផ្សំឡើងពីផ្លែបឺរនិងយ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរកន្លះពែងជាមួយសាច់ផ្លែបឺរទុំម្ខាងឱ្យសព្វចូលគ្នា។ លាបល្បាយពេញលើស្បែកមុខនិងក ហើយរងចាំសម្រាប់រយៈពេលពី ២០ ទៅ ២៥ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍។ ផ្លែបឺរ គឺល្អណាស់សម្រាប់ផ្ដល់សំណើមដល់ស្បែក។
៥. រូបមន្តផ្សំឡើងពីប្រទាលកន្ទុយក្រពើនិងយ៉ាអួរសុទ្ធ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាកាហ្វេជាមួយយ៉ាអួរសុទ្ធ ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ (សម្រាប់ស្បែកស្ងួតនិងធម្មតា) ឬទឹកក្រូចឆ្មារស្រស់ (សម្រាប់ស្បែកខ្លាញ់) ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមប្រើប្រាស់លាបលើស្បែក និងរងចាំសម្រាប់រយៈពី ១០ ទៅ ១៥នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។
- ចំនុចគួរចងចាំ
– ទោះជាយ៉ាងណាយ៉ាអួរមិនសាកសមសម្រាប់អ្នកដែលមានស្បែកប្រតិកម្មជាមួយអាស៊ីតឡាក់តិច ឬប្រូបាយអូទិកឡើយ។
– ប្រសិនបើអ្នកមានប្រតិកម្មជាមួយផលិតផលផ្សំឡើងពីទឹកដោះគោ ឬអាស៊ីត alpha ឬអាស៊ីត beta-hydroxy ចូរចៀសវាងប្រើប្រាស់ម៉ាសផ្សំឡើងពីយ៉ាអួរ។
– ចូរជ្រើសរើសតែប្រើប្រាស់យ៉ាអួរសុទ្ធធម្មជាតិ ឬសរីរាង្គ និងមានផ្ទុកសម្បូរដោយជាតិខ្លាញ់។ យ៉ាអួរមានជាតិខ្លាញ់ គឺល្អសម្រាប់រក្សាសំណើមស្បែកនិងផ្ដល់សារធាតុចិញ្ចឹម៕