រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសអំពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ(ស្វាមីឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២រួចរាល់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយ រួមមាន (១) បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) បណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន៕