តើអ្នកធ្លាប់ដឹងទេថាផ្នែកពណ៌សនៃស៊ុតអាចយកមកប្រើជាម៉ាសបិតមុខរក្សាសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ផ្នែកពណ៌នៃស៊ុតជាម៉ាសបិតមុខ ៖
១. សម្រាប់ស្បែកឆាប់កើតមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នាក្នុងចានគោមមួយ។ លាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ សឹមប្រើប្រាស់ក្រដាស់សើម ឬក្រណាត់សើមស្អាតជូតម៉ាសចេញពីស្បែកមុខ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមនិងក្រែម SPF តាមក្រោយ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
២. សម្រាប់ធ្វើឱ្យស្បែកសភ្លឺជាងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេនិងម្សៅរមៀតកន្លះស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើស្បែកមុខ និងរងចាំរហូតដល់ស្ងួតសិន សឹមលាងសម្អាតចេញ។ កុំភ្លេចប្រើប្រាស់ផលិតផលរក្សាសំណើមស្បែកតាមក្រោយ។ អនុវត្តសារឡើងវិញម្ដងក្នុងមួយសប្តាហ៍។
៣. សម្រាប់ស្បែកស្ងួត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌សនៃស៊ុតឱ្យសព្វសិន បន្ទាប់មកសឹមបន្ថែមសាច់ផ្លែបឺរដែលកិនម៉ដ្ឋនិងយ៉ាអួរចូល។ កូរឱ្យសព្វម្ដងទៀត សឹមលាបល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយសប្តាហ៍។
៤. សម្រាប់កម្ចាត់មុនក្បាលខ្មៅ
ជាដំបូងអ្វីដែលអ្នកត្រូវធ្វើ គឺលាងសម្អាតមុខឱ្យស្អាតនិងជូតផ្ដិតឱ្យស្ងួតជាមុនសិន។ បន្ទាប់មកកូរវឹកផ្នែកពណ៌សនៃស៊ុតរួចលាបពី ៣ ទៅ ៥ ស្រទាប់លើស្បែកមុខដែលមានបញ្ហាមុន។ ទោះជាយ៉ាងណាត្រូវទុកឱ្យស្រទាប់នីមួយៗស្ងួតសិនសឹមលាបមួយស្រទាប់ៗបន្ត។ នៅពេលមានអារម្មណ៍ថាតឹងស្បែកឬម៉ាសស្ងួត ចូរបកថ្នមៗនិងលាងសម្អាតមុខចេញជាការស្រេច។ អ្នកក៏អាចលាយផ្នែកពណ៌សនៃស៊ុត ១ គ្រាប់ ជាមួយទឹកក្រូចឆ្មារ កន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ចំនួន ១ ស្លាបព្រាកាហ្វេ។ កូរលាយចូលគ្នាឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ដោយសារមុនក្បាលខ្មៅ។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាមុនសិន សឹមលាងជាមួយទឹកត្រជាក់តាមក្រោយ។
៥. សម្រាប់ស្បែកឆាប់ប្រតិកម្ម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេជាមួយយ៉ាអួរ ១ស្លាបព្រាកាហ្វេ និងទឹកត្រសក់ស្រស់ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ រងចាំរហូតស្ងួតសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយ។ អនុវត្តសារឡើងវិញម្ដងក្នុងមួយសប្តាហ៍។
៦. សម្រាប់ស្បែកខ្លាញ់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ម្ខាងឱ្យសព្វចូលគ្នា។ លាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
ចំនុចគួរចងចាំ
– កុំទុកម៉ាសលើស្បែកមុខយូរពេកព្រោះវាអាចនាំឱ្យស្បែកស្ងួត។
– កុំប្រើប្រាស់ទឹកក្រូចឆ្មារស្រស់ឬស្ករសច្រើនពេកក្នុងម៉ាសដើម្បីចៀសវាងបង្កការបំផ្លាញដល់ស្បែក។
– លាងសម្អាតមុខជាមួយហ្វូមលាងមុខកម្រិតស្រាលមុនពេលលាបម៉ាស។
– កុំភ្លេចសាកលាបល្បាយលើផ្នែកខាងក្រោយនៃក ឬក្រោមត្រចៀកជាមុនសិនសម្រាប់ពិនិត្យមើលថាតើអ្នកប្រតិកម្មជាមួយគ្រឿងផ្សំណាមួយឬអត់?