មានបញ្ហាសុខភាពមួយចំនួនអាចបង្កការឈឺចាប់ដែលធ្វើឱ្យអ្នកភ័ន្តច្រឡំថាឈឺធ្មេញ ជាក់ស្ដែងមិនមែនទេ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលបង្កការឈឺចាប់ដែលអាចច្រឡំជាមួយអាការៈឈឺធ្មេញ ៖
១. បញ្ហាឆ្អឹងថ្គាម
ធ្មេញមិនមែនចេះតែឈឺរហូតឡើង ហើយការឈឺចាប់ធ្មេញអាចចេញមកពីថ្គាមក៏មាន។ ការឈឺចាប់ក្នុងធ្មេញអាចលេចឡើងដោយសារភាពខុសប្រក្រតីនៃសន្លាក់ temporomandibular ដែលអាចបណ្ដាលឱ្យជាប់ថ្គាម។ ការកន្ត្រាក់នៃសាច់ដុំថ្គាមមានការកើនឡើង ហើយបញ្ហាកើតមាននៅពេលបើកមាត់។ វាអាចកើតឡើងដោយសារតែផ្លាស់ខុសកន្លែងនៃឌីសឆ្អឹង។
២. ការរលាកប្រហោងឆ្អឹងច្រមុះ
ជំងឺនេះបង្កការរលាកនៃភ្នាសរំអិលមួយ ឬច្រើនក្នុងប្រហោងឆ្អឹងច្រមុះ។ ហើយបញ្ហារលាកប្រហោងឆ្អឹងច្រមុះអាចបង្កការឈឺចាប់និងសម្ពាធឈាមក្នុងធ្មេញដែលមានឬសជិតផ្នែកខាងក្រោមនៃប្រហោងឆ្អឹងច្រមុះ។ ទោះជាយ៉ាងណាបញ្ហានៃធ្មេញក៏អាចជាមូលហេតុមួយនៃការវិវត្តន៍នៃជំងឺរលាកប្រហោងឆ្អឹងច្រមុះផងដែរ។
៣. បញ្ហាបេះដូង
ពេលខ្លះការឈឺចាប់ក្នុងបេះដូងអាចសំដៅទៅភ្នែកផ្សេងៗនៃរាងកាយ ប៉ុន្តែជាញឹកញយច្រើនតែកើតឡើងលើស្មានិងដៃខាងឆ្វេង។ ទោះជាយ៉ាងណាវាក៏អាចបង្កការឈឺចាប់ក្នុងផ្នែកខាងក្រោមធ្មេញនិងថ្គាមផងដែរ។ នេះអាចជារោគសញ្ញានៃជំងឺ angina ដែលអាចបង្កជាអាការៈគាំងបេះដូង។ ដូច្នេះប្រសិនបើធ្មេញរបស់អ្នកមានសុខភាពល្អ និងរឹងមាំ ប៉ុន្តែស្រាប់តែមានអារម្មណ៍ឈឺចាប់ ចូរកុំស្ទាក់ស្ទើនឹងទៅជួបទទួលការពិនិត្យស្ថានភាពបេះដូងជាមួយគ្រូពេទ្យជំនាញ។
៤. ជំងឺសួត
ជំងឺសួតអាចជះផលប៉ះពាល់ទៅលើធ្មេញគួរឱ្យកត់សម្គាល់។ ការឈឺចាប់សំដៅទៅកាន់ធ្មេញនិងថ្គាមអាចជាសញ្ញាមួយនៃជំងឺមហារីកសួត។ ម្យ៉ាងវិញទៀតការព្យាបាលស្ថានភាពនេះអាចជះឥទ្ធិពលអវិជ្ជមានលើមាត់។ ជំងឺនេះថែមទាំងអាចបង្កការឈឺចាប់នៅពេលរាលដាលដល់ផ្នែកទៅកាន់ផ្នែកដទៃទៀតជុំវិញកនិងក្បាលទៀតផង៕