ឈឺចុកពោះខ្លាំងនៅពេលមករដូវ? កុំទាន់លេបថ្នាំ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីតែ ៣មុខដែលជួយបំបាត់អាការៈឈឺពោះខ្លាំងពេលមករដូវ ៖
១. តែផ្កា Chamomile
ភេសជ្ជៈនេះមិនត្រឹមតែល្អសម្រាប់អ្នកមានបញ្ហាពិបាកគេងលក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់បំបាត់អាការៈចុកពោះខ្លាំងពេលមករដូវផងដែរ។ ដូច្នេះប្រសិនបើអ្នកឈឺពោះខ្លាំងដោយសារការមករដូវដែលធ្វើឱ្យពិបាកទាំងគេងលក់ទៀតនោះ ចូរទទួលទានតែផ្កា Chamomile ក្ដៅឧណ្ហៗមួយពែងមុនពេលចូលគេង។ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចចូលក្នុងតែដើម្បីបង្កើនរសជាតិ។
២. តែខ្ញី
ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ទទួលទានតែខ្ញីដើម្បីដោះស្រាយបញ្ហាចង្អោរចង់ក្អួត ឬក្អួតតែម្ដង, សម្រាលអាការៈចាញ់កូន និងរាគ។ ទោះជាយ៉ាងណាភេសជ្ជៈនេះក៏ល្អណាស់ដែរសម្រាប់បន្ថយអាការៈឈឺចុកពោះខ្លាំងពេលមករដូវ។ អ្នកអាចហាន់ខ្ញីជាចំណិតតូចៗ រួចដាក់ចូលឆុងក្នុងទឹកក្តៅមួយពែងសម្រាប់រយៈពេលពីរបីនាទី ហើយទទួលទានឱ្យទាន់ក្ដៅឧណ្ហៗជាការស្រេច។ អ្នកអាចទទួលទានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៣. តែបៃតង
ការទទួលទានតែបៃតងពិតជាអាចជួយបំបាត់អាការៈចុកពោះខ្លាំង និងហើមពោះពេលមករដូវបានយ៉ាងប្រសើរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលវាមានផ្ទុក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែង សម្រាប់រយៈពេលពី ៣ ទៅ ៥នាទី។ ត្រងកាកចេញ និងទុកឱ្យចុះត្រជាក់បន្តិចសិន សឹមបន្ថែមទឹកឃ្មុំចូល។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗពី ៣ ទៅ ៤ដងជាប្រចាំ៕