មានបញ្ហាពិបាករំលាយអាហារ គឺអាចផ្ដល់អារម្មណ៍មិនស្រួលជាខ្លាំង ពិសេសប្រសិនបើវាមានអមមកជាមួយនូវអាការៈក្រហាយទ្រូង, ហើមពោះ និងឈឺពោះ។ ថាតើកត្តាអ្វីខ្លះអាចបង្កបញ្ហាពិបាករំលាយអាហារ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់ចំនួន ៨ដែលអាចបង្កបញ្ហាពិបាករំលាយអាហារ ៖
១. ការទទួលទានទឹកច្រើនពេកពេលញ៊ាំអាហារ
ការទទួលទានកំឡុងពេលទទួលទានអាចបង្កជាបញ្ហាពិបាករំលាយអាហារ។ វាកើតឡើងដោយសារតែមាត់របស់ពួកយើងផលិតនូវទឹកមាត់ដែលមានផ្ទុកអង់ស៊ីមដែលចាំបាច់សម្រាប់ដំណើរការប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ ការទទួលទានទឹកកំឡុងពេលអាហារបន្ថយការផលិតទឹកមាត់ ហើយក៏ព្រោះតែបែបនេះអាហារដែលរំលាយមិនបានល្អប្រមូលផ្ដុំក្នុងរាងកាយ និងអាចប្រែជាជាតិពុល ប្រសិនបើអ្នកញ៊ាំអាហារគ្មានសុខភាពល្អ។ ត្រូវចាំថាការទទួលទានទឹកត្រជាក់ ឬភេសជ្ជៈមានផ្ទុកជាតិអាល់កុលអាចធ្វើស្ថានភាពកាន់តែអាក្រក់ឡើង។
២. ការទទួលទានអាហារហឹរ
អ្វីដែលហឹរសុទ្ធតែអាចបង្កការរលាកស្រទាប់ខាងក្នុងនៃក្រពះដែលជាមូលហេតុបង្កបញ្ហាពិបាករំលាយអាហារ។ ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាច្រាលអាស៊ីតក្រពះ អាហារហឹរអាចជះឥទ្ធិពលខ្លាំងក្លាលើអាការៈនៃបញ្ហាសុខភាពនេះ។
៣. ការទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ក្រៅពីបង្កបញ្ហាពិបាករំលាយអាហារហើយនោះ អាហារនិងភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនថែមទាំងអាចបង្កអាការៈច្រាលអាស៊ីតក្រពះទៀតផង ជាពិសេសនៅពេលទទួលទានច្រើន។
៤. គ្រឿងស្រវឹង
ភេសជ្ជៈប្រភេទនេះអាចបង្កការរលាកក្រពះ និងបញ្ហាច្រាលអាស៊ីតក្រពះ។ ជាពិសេសប្រសិនបើអ្នកទទួលទានច្រើននៅពេលមិនទាន់ញ៊ាំអាហារអ្វីសោះ។
៥. ច្រាលអាស៊ីតក្រពះ
ស្ថានភាពនេះមានទំនាក់ទំនងជាមួយប្រព័ន្ធរំលាយអាហារ ហើយអាចបង្កអាការៈពិបាករំលាយអាហារ និងក្រហាយទ្រូង។
៦. ជំងឺរលាកក្រពះ
ជាស្ថានភាពមួយដែលស្រទាប់ខាងក្នុងនៃក្រពះប្រែជារលាក។ ជំងឺរលាកក្រពះអាចបណ្ដាលឱ្យរោគសញ្ញាផ្សេងៗគ្នាលេចឡើង ហើយមួយក្នុងចំណោមនោះ គឺបញ្ហាពិបាករំលាយអាហាររ៉ាំរ៉ៃ។
៧. ជំងឺថប់បារម្ភ
ក្រៅពីអត្រានៃចង្វាក់បេះដូងលោតញាប់, ភាពខ្លីនៃដង្ហើម, ណែនទ្រូង, វិលមុខ, បែកញើសហួសប្រមាណ, ខ្សោយ និងញ័រដៃ ថាតើអ្នកធ្លាប់ដឹងទេថាជំងឺថប់បារម្ភក៏អាចបង្កបញ្ហាពិបាករំលាយអាហារដែរ?
៨. ឥទ្ធិពលនៃថ្នាំមួយចំនួន
ជាពិសេសថ្នាំប្រឆាំងការរលាកដែលភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីទប់ទល់នឹងអាការៈឈឺចាប់និងហើមសាច់ដុំ ឬសន្លាក់៕