កម្រិតនៃជាតិខ្លាញ់មិនល្អក្នុងឈាមកើនឡើងខ្ពស់អាចបង្កើនហានិភ័យនៃជំងឺបេះដូងគួរឱ្យបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីកាត់បន្ថយជាតិខ្លាញ់មិនល្អក្នុងឈាម ៖
១. សម្រកទម្ងន់ដែលលើស
កោសិកាខ្លាញ់កាន់តែច្រើនក្នុងរាងកាយនោះជាតិខ្លាញ់ទ្រីគ្លីសេរីដកាន់តែរីករាលដាលក្នុងឈាម។ នេះជាមូលហេតុចម្បងមួយដែលអ្នកគួរសម្រកទម្ងន់ដែលលើសចេញខ្លះដើម្បីកាត់បន្ថយកម្រិតនៃជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដ។
២. កាត់បន្ថយការទទួលទានស្ករ
ដូចបានលើកឡើងក្នុងចំណុចខាងលើកាឡូរីដែលលើស គឺជាអ្វីមួយដែលនឹងត្រូវបំលែងទៅជាជាតិខ្លាញ់ទ្រីគ្លីសេរីដ។ ហើយគ្មានអ្វីដែលផ្ដល់ឱ្យរាងកាយនូវកាឡូរីច្រើនហួសហេតុជាងការទទួលទានអាហារនិងភេសជ្ជៈដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករឡើយ! ដូច្នេះប្រសិនបើអ្នកចង់បន្ថយកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីដ ចូរព្យាយាមកម្រិតការទទួលទានស្ករនិងប្រកាន់ខ្ជាប់នូវរបបអាហារសុខភាពល្អ។
៣. ជ្រើសរើសរបបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាប
តើអ្នកធ្លាប់ដឹងទេថាកាបូអ៊ីដ្រាតក៏ជាមូលេគុលស្ករដែរ? នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបដើម្បីអាចបន្ថយកម្រិតនៃជាតិខ្លាញ់ទ្រីគ្លីសេរីដ។
៤. បង្កើនការទទួលទានអាហារសម្បូរជាតិសសៃ
របបអាហារដែលមានផ្ទុកជាតិសសៃខ្ពស់មិនត្រឹមតែជួយទប់ស្កាត់និងដោះស្រាយបញ្ហាទល់លាមកប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់បញ្ចុះកម្រិតជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដដែលឡើងខ្ពស់ផងដែរ។ ជាតិសសៃជួយកាត់បន្ថយការស្រូបយកជាតិស្កររបស់រាងកាយ។
៥. ធ្វើលំហាត់ប្រាណជាប្រចាំ
នេះក៏ព្រោះតែការធ្វើលំហាត់ប្រាណអាចកាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីដដោយជួយឱ្យស្រកទម្ងន់ដែលលើសនិងបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ។
៦. ទទួលទានត្រីសម្បូរខ្លាញ់ ២ដងក្នុងមួយសប្តាហ៍
ការទទួលទានត្រីសម្បូរខ្លាញ់ ២ដងក្នុងមួយសប្តាហ៍អាចជួយទប់ស្កាត់បញ្ហាជាតិខ្លាញ់ទ្រីគ្លីសេរីដឡើងខ្ពស់គួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់សុខភាពល្អដែលជួយបង្កើនបរិមាណនៃកូឡេស្តេរ៉ូលល្អក្នុងឈាម។ ជាលទ្ធផលកម្រិតនៃជាតិខ្លាញ់ទ្រីគ្លីសេរីដត្រូវបានកាត់បន្ថយតាមបែបធម្មជាតិ៕