ឧស្សាហ៍ជួបប្រទះអាការៈត្រជាក់ជើងមែនទេ? វាអាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាចំនួន ៥ដែលអាចបណ្ដាលឱ្យអ្នកឧស្សាហ៍ត្រជាក់ជើង ៖
១. ការប៉ះផ្ទាល់នឹងភាពត្រជាក់
មួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃអាការៈត្រជាក់ជើង គឺការប៉ះផ្ទាល់នឹងសីតុណ្ហភាពត្រជាក់ ជាពិសេសប្រសិនបើអ្នកមិនបានស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់គ្រប់គ្រាន់។ ដើម្បីជាការប្រសើរប្រសិនបើអ្នកចាញ់ត្រជាក់ ចូរកុំភ្លេចពាក់ស្រោមជើងផង។
២. ចរន្តឈាមរត់មិនល្អ ឬខ្សោយ
មូលហេតុទូទៅបំផុតមួយទៀតនៃអាការៈត្រជាក់ជើងនោះ គឺចរន្តឈាមរត់ទៅចុងជើងមានសភាពមិនល្អ ឬចុះខ្សោយ។ បន្ថែមពីនេះមេជើងអាចនឹងប្រែជាស្លេក, ឡើងពណ៌ខៀវ ឬសូម្បីតែពណ៌ស្វាយ។ មានកត្តាច្រើនណាស់ដែលអាចបង្កបញ្ហាចរន្តឈាមរត់ទៅជើងមានសភាពខ្សោយរួមបញ្ចូលទាំងការស្ទះសសៃឈាម និងបញ្ហាផ្សេងៗពាក់ព័ន្ធជាមួយបេះដូង។ ក្នុងករណីសង្ស័យ ជាពិសេសមានអមមកជាមួយនូវរោគសញ្ញាខុសប្រក្រតីផ្សេងទៀត ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៣. ជំងឺខ្វះគ្រាប់ឈាមក្រហម
ឈាមរបស់អ្នកត្រូវតែមានបរិមាណនៃកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់។ នេះក៏ព្រោះតែកោសិកាគ្រាប់ឈាមក្រហម គឺចាំបាច់សម្រាប់ដឹកនាំម៉ូលេគុលអុកស៊ីសែនពីសួតទៅកាន់រាល់កោសិកា, ជាលិកា និងសរីរាង្គផ្សេងទៀតក្នុងរាងកាយ។ កង្វះកោសិកាគ្រាប់ឈាមក្រហមអាចបង្កជាជំងឺខ្វះគ្រាប់ឈាមក្រហម ហើយមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀតនៃជំងឺនេះ គឺដៃជើងត្រជាក់ជាប់ជានិច្ច។ រោគសញ្ញាដទៃទៀតរួមមានភាពស្លេកស្លាំងនៃស្បែក, ភាពខ្លីនៃដង្ហើម, ចង្វាក់បេះដូងលោតញាប់ និងអស់កម្លាំង។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមបង្កើនការទទួលទានអាហារសម្បូរជាតិដែក។
៤. ជំងឺទឹកនោមផ្អែម
នៅពេលមានជំងឺទឹកនោមផ្អែមរាល់កោសិការបស់អ្នកមិនឆ្លើយតបទៅនឹងអ័រម៉ូនអាំងស៊ុយលីន។ ជាលទ្ធផលបណ្ដាលឱ្យជាតិស្ករប្រមូលផ្ដុំក្នុងឈាមបង្កជាបញ្ហាសុខភាពគួរឱ្យបារម្ភជាច្រើន រួមបញ្ចូលទាំងការខូចខាតចុងសសៃប្រសាទ peripheral ក្នុងជើង។ ការខូចខាតសសៃប្រសាទដោយសារឥទ្ធិពលនៃជំងឺទឹកនោមផ្អែមអាចបណ្ដាលឱ្យជើងមានសភាពត្រជាក់នៅពេលប៉ះ និងមានអារម្មណ៍ត្រជាក់ជើង។ អាការៈផ្សេងទៀតដែលអាចលេចឡើងនៅពេលសសៃប្រសាទក្នុងជើងខូចខាតនោះ គឺការឈឺចាប់, ភាពស្ពឹក, ភាពធ្ងន់ និងមានអារម្មណ៍ដូចម្ជុលចាក់ជើង។
៥. ជំងឺ Hypothyroidism
ជាបញ្ហាសុខភាពដែលពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីត។ ជាលទ្ធផលអាចបណ្ដាលឱ្យការដុតរំលាយអាហារក្នុងរាងកាយប្រែជាយឺត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការដុតរំលាយអាហារក្នុងរាងកាយមានឥទ្ធិពលលើសីតុណ្ហភាពខាងក្នុង ហើយនៅពេលការដុតរំលាយអាហារមានសភាពយឺត នោះវាអាចបង្កឱ្យអ្នកមានអារម្មណ៍ត្រជាក់។ និយាយឱ្យខ្លីនោះ គឺជំងឺ Hypothyroidism អាចបង្កអាការៈត្រជាក់ជើង។ ទោះជាយ៉ាងណាវាច្រើនតែអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតរួមមានកើនទម្ងន់, អស់កម្លាំង, ខ្សោយសាច់ដុំ, ស្ងួតស្បែក និងទល់លាមក៕