រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅយប់ថ្ងៃទី០៨ ខែកញ្ញានេះថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីDelta ចំនួន៦៦៩នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដបំប្លែងថ្មីនេះកើនដល់ជាង៣៣០០នាក់ នៅក្នុងរាជធានីខេត្ត២៤ ។

ក្រសួងសុខាភិបាលបានលើកឡើងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី៧ ខែកញ្ញានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1.617-2 (Delta) នៅក្នុងប្រទេសកម្ពុជាទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ៣៣២៣នាក់ (ស្ត្រី១៦៩៥នាក់) ហើយបានប៉ះពាល់ដល់២៤រាជធានី-ខេត្ត លើកលែងតែខេត្ត១ប៉ុណ្ណោះ គឺខេត្តកែប នៅមិនទាន់រក ឃើញករណីដែលតានៅឡើយ ៕


