ចេះតែមានអារម្មណ៍រមាស់ត្រចៀកមែនទេ? វាអាចបណ្ដាលមកពីអាការៈស្មានមិនដល់មួយចំនួន។ ថាតើមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតចំនួន ៥ដែលបង្កអាការៈរមាស់ត្រចៀក ៖
១. ការឆ្លងមេរោគក្នុងត្រចៀក
មួយក្នុងចំណោមមូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យមានអារម្មណ៍ថារមាស់ត្រចៀកនោះ គឺការឆ្លងមេរោគ។ ក្រៅពីជំងឺអំបៅអំបែក, ការឆ្លងមេរោគក្នុងត្រចៀកអាចបណ្ដាលមកពីបាក់តេរី ឬវីរុសផងដែរ។
២. ការសម្អាតត្រចៀកទាំងមិនចាំបាច់
អ្នកមិនចាំបាច់ត្រូវតែសម្អាតត្រចៀកជាប្រចាំឡើយ ខណៈដែលវាអាចកម្ចាត់អាចម៍ត្រចៀកដែលលើសបានដោយខ្លួនឯង។ ជាពិសេសប្រសិនបើអ្នកឧស្សាហ៍ប្រើប្រាស់វត្ថុផ្សេងៗដូចជាឈើចាក់ធ្មេញ, ជើងធូប, ដងឈើគូស ឬតម្កៀបសក់ដើម្បីលូកសម្អាតក្នុងត្រចៀក។ ការធ្វើបែបនេះបង្កើនហានិភ័យនៃការឆ្លងមេរោគក្នុងត្រចៀកដែលជាអ្វីមួយបង្កអាការៈរមាស់។ វាអាចកើតឡើងប្រសិនបើអ្នកចៃដន្យទៅប៉ះស្បែករន្ធត្រចៀកបណ្ដាលឱ្យមុតឆ្លងមេរោគ។
៣. អាឡែកស៊ីស្បែក
រន្ធត្រចៀក គឺគ្របដណ្ដប់ទៅដោយស្បែកដូចជាផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមានស្បែកឆាប់ប្រតិកម្មនឹងសារធាតុ ឬសមាសធាតុផ្សេងៗ នោះរន្ធត្រចៀកក៏ងាយជួបប្រទះបញ្ហាប្រតិកម្មដូចគ្នាផងដែរ។ ដូច្នេះនៅពេលប្រតិកម្ម ត្រចៀកអាចនឹងប្រែជារមាស់។ ដើម្បីជាការប្រសើរអ្នកគួរព្យាយាមសង្កេតមើលថាតើការរមាស់ត្រចៀកនេះកើតឡើងក្រោយពេលប្រើប្រាស់ស្ព្រៃយ៍បាញ់សក់ ឬសាប៊ូកក់សក់ ឬក្រោយពេលអ្នកជ្រើសរើសយកក្រវិលណាមួយមកពាក់? ការកត់សម្គាល់ឱ្យបានពីដើមហេតុនៃបញ្ហា គឺសំខាន់ណាស់។
៤. អាឡែកស៊ីជាមួយអាហារ
វាក៏សំខាន់ណាស់ដែលក្នុងការជ្រើសរើសអាហារណាមួយមកទទួលទាន ប្រសិនបើអ្នកជាបុគ្គលដែលមានប្រតិកម្មនឹងអាហារមួយចំនួននាំឱ្យស្បែកប្រែជារមាស់។ ប្រសិនបើអាហារណាមួយនោះធ្វើឱ្យអ្នករមាស់ស្បែក នោះវាក៏អាចបណ្ដាលឱ្យត្រចៀករមាស់ខ្លាំងសឹងទ្រាំមិនបាន។
៥. ជំងឺសើស្បែកត្រអក (Eczema)
កំពុងជួបប្រទះបញ្ហានៃជំងឺសើស្បែក Eczema មែនទេ? នោះមិនមែនជារឿងចំលែកទេដែលត្រចៀករបស់អ្នកក៏ប្រែជារមាស់ដែរ។ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យសើស្បែកដើម្បីប្រើប្រាស់ថ្នាំបន្តក់បន្ថយការរមាស់។
ប្រយ័ត្ន ៖ ប្រសិនបើបញ្ហានេះមិនព្រមបាត់ទៅវិញសោះក្នុងរយៈពេលជាច្រើនថ្ងៃ ឬប្រែជាធ្ងន់ធ្ងរឡើងដោយមានអមមកជាមួយនូវរោគសញ្ញាមិនប្រក្រតីផ្សេងៗទៀត ចូរកុំស្ទាក់ស្ទើនឹងទៅជួបទទួលការពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានឆាប់៕