ចង់ឱ្យសក់ដុះលឿនកាន់តែក្រាស់មែនទេ? មិនពិបាកឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយឱ្យសក់ដុះក្រាស់ឆាប់រហ័ស ៖
១. របៀបរស់នៅមានសុខភាពល្អ
អ្វីដែលអ្នកទទួលទាន និងរបៀបដែលអ្នកមើលថែរាងកាយសុទ្ធតែមានឥទ្ធិពលលើសុខភាពសក់របស់អ្នក។ ការទទួលទានបន្លែ ផ្លែឈើ ការទទួលទានទឹកបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំ គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងការលូតលាស់នៃសក់។ ដូច្នេះដើម្បីជាការប្រសើរចូររក្សាឱ្យបាននូវរបៀបរស់នៅមានសុខភាពល្អនិងរបបអាហារត្រឹមត្រូវ។
២. ទទួលទានកូឡាជែន
វិធីដ៏ល្អបំផុតមួយទៀតដើម្បីធ្វើឱ្យការលូតលាស់សក់មានភាពប្រសើរឡើងនោះ គឺការទទួលទានកូឡាជែនដែលមានគុណភាពខ្ពស់។ នេះក៏ព្រោះតែកូឡាជែនមានផ្ទុកអាស៊ីតអាមីណូដែលរាងកាយត្រូវការចាំបាច់ដើម្បីរក្សាភាពរឹងមាំនិងបង្កើនការលូតលាស់សក់, ស្បែក និងក្រចក។
៣. ម៉ាស្សាស្បែកក្បាល
ការម៉ាស្សា គឺល្អណាស់សម្រាប់ជម្រុញ និងសម្រួលលំហូរឈាមទៅកាន់ស្បែកក្បាលប្រសើរសម្រាប់ផ្ដល់បរិមាណនៃអុកស៊ីតសែនគ្រប់គ្រាន់ទៅឬសសក់។ ជាលទ្ធផលឬសអាចដំណើរការមុខងារបានត្រឹមត្រូវឆាប់លូតលាស់។
៤. ប្រើប្រាស់ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើស្រស់លាបម៉ាស្សាលើស្បែកក្បាលជាការស្រេច។ រងចាំរហូតដល់ជែលជ្រាបចូលស្បែកក្បាលសិន សឹមលាងសម្អាតចេញ។ ក្រៅពីជួយពន្លឿនការលូតលាស់នៃសក់ហើយនោះ ប្រទាលកន្ទុយក្រពើក៏ផ្ដល់សំណើមនិងពង្រឹងភាពរឹងមាំនៃសក់បានយ៉ាងប្រសើរផងដែរ។
៥. ធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់
នេះក៏ព្រោះតែការធ្វើលំហាត់ប្រាណជួយសម្រួលចរន្តឈាមរត់ក្នុងរាងកាយ និងផ្ដល់នូវបរិមាណអុកស៊ីសែនគ្រប់គ្រាន់។ ម្យ៉ាងវិញទៀតការធ្វើលំហាត់ប្រាណនាំឱ្យចង្វាក់បេះដូងកើនឡើងដែលអាចដឹកជញ្ជូនអុកស៊ីសែនទៅស្បែកក្បាលជម្រុញការលូតលាស់សក់៕