បញ្ហាកើតបូសលើភ្លៅផ្នែកខាងក្នុងមែនទេ? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិព្យាបាលបូសលើភ្លៅផ្នែកខាងក្នុងយ៉ាងឆាប់រហ័ស ៖
១. ស្អំកម្ដៅ
អ្នកអាចចាក់ទឹកក្ដៅចូលក្នុងដបទឹក រួចប្រើប្រាស់ក្រណាត់ ឬកន្សែងស្អាតមួយរុំឱ្យជិត រួចសឹមប្រើប្រាស់ស្អំលើបូសសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី ឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។ កម្ដៅជួយជម្រុញចរន្តឈាមរត់ដែលល្អសម្រាប់កម្ចាត់ជាតិពុល, កោសិកាស្បែកងាប់ៗ និងកាកសំណល់ ហើយពន្លឿនភាពឆាប់ជាសះស្បើយនៃបូស។
២. ខ្ទឹមបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺហាន់ខ្ទឹមបារាំងស្រស់ជាបន្ទះៗរាងក្រាស់បន្តិច រួចរុំក្នុងស្បៃស្អាតមួយ។ បន្ទាប់មកសឹមប្រើប្រាស់ស្អំលើបូសសម្រាប់រយៈពេល ១ ម៉ោង។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃរហូតដល់ជាសះស្បើយ។ ខ្ទឹមបារាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងបាក់តេរីដែលល្អណាស់សម្រាប់ជួយព្យាបាលបូស ព្រមទាំងបន្ថយអាការៈឈឺចាប់។
៣. ទឹកខ្ទឹមសស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមសពី ២ ទៅ ៣កំពឹសឱ្យរាងម៉ដ្ឋចេញទឹកខាប់ៗ បន្ទាប់មកប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់លាបទឹកខ្ទឹមសស្រស់នោះលើបូសជាការស្រេច។ អនុវត្តឱ្យបាន ៣ដងក្នុងមួយថ្ងៃ។
៤. ល្បាយរមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្យៅរមៀតជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបលើកន្លែងដែលទទួលរងផលប៉ះពាល់ និងលាងសម្អាតចេញក្រោយរយៈពេល ៣០នាទី។
៥. ទឹកខ្មេះផ្លែប៉ោមនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកឃ្មុំឆៅក្នុងបរិមាណស្មើគ្នា បន្ទាប់មកសឹមលាបល្បាយលើបូស។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
៦. ប្រេងដើមតែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់លាបប្រេងដើមតែបន្តិចលើបូសជាការស្រេច។ អនុវត្តឱ្យបាន ៣ដងក្នុងមួយថ្ងៃ៕