ខេត្តសៀមរាប ៖ ស្ថានភាពកូវីដ-១៩ ក្នុងខេត្តសៀមរាប ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ កាន់តែធ្ងន់ធ្ងរ រហូតដល់អាជ្ញាធរសម្រេចដាក់ចេញនូវបម្រាបគោចរ កំណត់តំបន់មួយចំនួនជាតំបន់លឿងទុំ និងអនុវត្តការផាកពិន័យទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ ដើម្បីការពារការចម្លងរាលដាលបន្តក្នុងលក្ខណៈដែលមានទ្រង់ទ្រាយធំ ។

ជាក់ស្តែង កាលពីថ្ងៃទី១០ ខែកញ្ញានេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុកថា អាជ្ញាធរខេត្ត ពិតជាមិនចង់ដាក់ចេញនូវវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នោះទេ ប៉ុន្តែដោយបងប្អូនប្រជាពលរដ្ឋ អាជីវករមួយចំនួន នៅតែមិនអនុវត្តវិធានរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ទើបរដ្ឋបាលខេត្តបានសម្រេចដាក់ចេញនូវបម្រាមគោចរ កំណត់តំបន់លឿងទុំ និងអនុវត្តការផាកពិន័យ ទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ ។

ក្នុងនោះដែរ អភិបាលខេត្តសៀមរាប បានបន្តថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ អាជីវករគ្រប់ប្រភេទនឹងយោគយល់ រួមគ្នាអនុវត្តវិធានសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព ។
ជាចុងក្រោយយើងត្រូវ រស់នៅតាមបែបគន្លងថ្មី ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៕



