ទម្លាប់ថែសម្រស់មួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភទៅវិញចំពោះសុខភាពស្បែក។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរផ្លាស់ប្ដូរចេញប្រសិនបើចង់រក្សាបាននូវភាពក្មេងជាងវ័យគ្មានស្នាមជ្រីវជ្រួញ ៖
១. មិនប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ
ការស្ថិតក្រោមកម្ដៅថ្ងៃយូរ ឬច្រើនពេកអាចផ្ដល់ផលអាក្រក់ច្រើនជាងល្អ។ គ្រូពេទ្យជំនាញខាងសើស្បែកបានឱ្យដឹងថា ការប៉ះផ្ទាល់នឹងកម្ដៅថ្ងៃច្រើនពេក គឺជាមូលហេតុចម្បងបំផុតមួយដែលបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យ។ វាក៏ជាមូលហេតុដែលអ្នកចាំបាច់គួរប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃដែលមាន SPF យ៉ាងហោចណាស់ ៣០ ជាពិសេសនៅពេលឈានជើងចេញទៅក្រៅក្រោយម៉ោង ១០ ព្រឹក និងមុនម៉ោង ៤ល្ងាច។
២. ការងូតទឹកក្ដៅ
ទម្លាប់នៃការងូតទឹកក្ដៅយូរៗ ឬក្ដៅពេកអាចបណ្ដាលឱ្យស្បែកឆាប់លេចឡើងនូវស្នាមជ្រីវជ្រួញ។ នេះក៏ព្រោះតែទឹកក្ដៅអាចបន្ថយជាតិប្រេងធម្មជាតិលើស្បែក និងបង្កការខូចខាតដល់របាំងការពារស្បែកផងដែរ។ ជាតិប្រេងធម្មជាតិលើស្បែកកាន់តែតិច ស្បែកនឹងកាន់តែកើនឡើងនូវស្នាមជ្រីវជ្រួញ។ អ្នកងូតទឹកយូរប៉ុណ្ណា សំណើមស្បែកដែលបាត់បង់ក៏ច្រើនតាមនោះ។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសងូតទឹកដែលមិនក្ដៅពេក និងកុំងូតយូរពេក។
៣. ប្រើប្រាស់សម្ពាធខ្លាំងៗលើស្បែក
ទោះបីជាប្រញាប់ក៏ដោយ ក៏អ្នកមិនត្រូវប្រើសម្ពាធនិងបន្ថែមល្បឿនជ្រុលពេកឡើយនៅពេលប្រើប្រាស់គ្រឿងសម្អាងលើមុខ ខណៈដែលទម្លាប់នេះអាចបង្កស្នាមជ្រីវជ្រួញឱ្យលេចឡើងលើស្បែកមុខ។ ដូច្នេះដើម្បីជាការប្រសើរនៅពេលលាបអ្វីលើមុខអ្នកមិនត្រូវប្រើប្រាស់សម្ពាធខ្លាំងៗសង្កត់លើស្បែកមុខឡើយ។
៤. ការថែរក្សាស្បែកមិនបានត្រឹមត្រូវ
ស្បែកប្រែជាឆាប់ចាស់ជាងវ័យដោយសារទម្លាប់មិនល្អនៃការថែរក្សារបស់នារីៗភាគច្រើន។ ស្ត្រីមួយចំនួនលាងសម្អាតស្បែកមុខច្រើនដងពេកក្នុងមួយថ្ងៃ ខណៈដែលអ្នកខ្លះមិនលាងសម្អាតស្បែកមុខសោះ។ នារីមួយចំនួនមិនព្រមប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក ខណៈដែលអ្នកខ្លះទៀតប្រើប្រាស់ផលិតផលមិនសាកសមនឹងប្រភេទស្បែករបស់ពួកគេ។ នៅពេលទិញផលិតផលថែរក្សាសម្រស់វាជាការសំខាន់ណាស់ដែលអ្នកគួរជ្រើសរូបមន្តណាដែលសាកសមសម្រាប់ប្រភេទនៃស្បែក។ ហើយអ្នកក៏គួរពិចារណាប្រើប្រាស់ផលិតផលបែបធម្មជាតិផងដែរទើបប្រសើរ។
៥. ខាត់ស្បែកច្រើនពេក
ការខាត់ស្បែក គឺល្អសម្រាប់ស្បែក ខណៈដែលវាជួយកម្ចាត់ជាតិប្រេងដែលលើស, កោសិកាស្បែកងាប់ៗ, ភាពកខ្វក់ និងធូលីដី។ ទោះជាយ៉ាងណា មិនមែនស្បែកគ្រប់ប្រភេទត្រូវការការខាត់ទៀងទាត់ឡើយ។ សម្រាប់អ្នកដែលមានស្បែកស្ងួត គឺមិនត្រូវការការខាត់ស្បែកញឹកញាប់ឡើយ ខណៈដែលការខាត់ស្បែកអាចបណ្ដាលឱ្យស្បែកស្ងួតនិងកាត់បន្ថយសារធាតុចិញ្ចឹមក្នុងស្បែក។ ស្បែកស្ងួតងាយនឹងលេចឡើងនូវស្នាមជ្រីវជ្រួញ ព្រមទាំងឆាប់ប្រឈមជាមួយសញ្ញានៃភាពចាស់តាមវ័យ។ ចំពោះអ្នកដែលមានស្បែកខ្លាញ់វិញ ក៏មិនគួរខាត់ស្បែកច្រើនជាង ២ដងក្នុងមួយសប្តាហ៍ឡើយ។
៦. គេងមិនបានគ្រប់គ្រាន់
ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃ នោះវាអាចបណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹក ហើយរបាំងការពារស្បែកក៏ត្រូវថយចុះ។ ការគេងបានគ្រប់គ្រាន់ ៨ ម៉ោងក្នុងមួយយប់ជាគន្លឹះជួយឱ្យស្បែកមានពេលគ្រប់គ្រាន់ក្នុងការជួសជុលឡើងវិញនិងការលូតលាស់នៃកោសិកាថ្មី។ ដូច្នេះប្រសិនបើចង់រក្សាបាននូវស្បែកដែលក្មេងជាងវ័យ ចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់៕