កំពុងជួបប្រទះរបកស្បែកបាតដៃមែនទេ? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗចំនួន ៤ជួយព្យាបាលអាការៈនេះបានយ៉ាងឆាប់ ៖
១. ផ្ដល់សំណើមជាប្រចាំ
ជាធម្មតាស្បែកបាតដៃអាចប្រែជារបកនៅពេលស្ងួតខ្លាំង។ ក្នុងករណីនេះការរក្សាឱ្យបាននូវសំណើមស្បែក គឺចាំបាច់ណាស់។ ទោះជាយ៉ាងណាត្រូវប្រាកដថាផលិតផលផ្ដល់សំណើមស្បែកដែលអ្នកប្រើប្រាស់គ្មានផ្ទុកសារធាតុគីមី។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសប្រេងធម្មជាតិរួមមានប្រេងដូង, ប្រេងអូលីវ ឬប្រេងអាល់ម៉ុនរក្សាសំណើមស្បែកជំនួសវិញ។
២. ទឹកដោះគោនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកដោះគោស្រស់មានជាតិខ្លាញ់ ២ភាគជាមួយទឹកឃ្មុំ ១ភាគចូលគ្នាឱ្យសព្វ។ បន្ទាប់មកសឹមប្រើប្រាស់ល្បាយនេះលាបលើបាតដៃដែលរបក។ រូបមន្តនេះល្អណាស់សម្រាប់កម្ចាត់កោសិកាស្បែកងាប់ៗ, រក្សាសំណើម និងផ្ដល់សារធាតុចិញ្ចឹមដល់ស្រទាប់ស្បែកថ្មី។
៣. ទឹកខ្មេះផ្លែប៉ោម
អ្វៅដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមធម្មជាតិ ឬសរីរាង្គ ១ពែងក្នុងទឹកក្ដៅឧណ្ហៗ ១លីត្រ។ កូរឱ្យសព្វ សឹមត្រាំដៃក្នុងទឹកល្បាយសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ លាងសម្អាតចេញតាមក្រោយ និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមក្រោយពេលស្ងួត។
៤. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗលើបាតដៃដែលមានបញ្ហា ក្រោយពេលលាងសម្អាតដៃរួចស្អាត។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកក៏អាចប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើស្រស់បានដែរ គ្រាន់តែប្រាកដថាសុទ្ធ ១០០ភាគរយ៕