អតុល្យភាពអ័រម៉ូនបង្កបញ្ហាច្រើនណាស់ ដូច្នេះការរក្សាឱ្យបាននូវកម្រិតតុល្យភាពអ័រម៉ូន គឺចាំបាច់ណាស់។ គួរធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងគន្លឹះងាយៗរក្សាតុល្យភាពអ័រម៉ូន ៖
១. កម្រិតការទទួលទានអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្កា ៦ ឬ polyunsaturated fats
នៅពេលកម្រិតនៃអាស៊ីតខ្លាញ់អូមេហ្កា ៦កើនឡើងខ្ពស់នោះវាអាចជះឥទ្ធិពលលើកម្រិតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលបង្កឱ្យមានបញ្ហាអតុល្យភាព។ អាស៊ីតខ្លាញ់អូមេហ្កា ៣ គឺចាំបាច់ណាស់សម្រាប់ការគ្រប់គ្រងអ័រម៉ូន។ អាស៊ីតខ្លាញ់នេះមានលក្ខណៈសម្បត្តិប្រឆាំងការរលាក ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយរក្សាតុល្យភាពអ័រម៉ូនបានយ៉ាងប្រសើរ។ បន្ថែមពីនេះរាងកាយត្រូវការជាតិខ្លាញ់ល្អដើម្បីការផលិតផលអ័រម៉ូននិងបង្កើតកោសិកាថ្មីៗឡើងវិញ។
២. កម្រិតការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកកាហ្វេអ៊ីន
កាហ្វេអ៊ីនមានឥទ្ធិពលលើប្រព័ន្ធអង់ដូគ្រីនដែលបង្កបញ្ហាដល់ការផលិតអ័រម៉ូន។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកកាហ្វេអ៊ីន។ ជាពិសេសនៅពេលមានផ្ទៃពោះ, មករដូវ, ស្ត្រេស, ខ្លាញ់ក្នុងរាងកាយគ្មានតុល្យភាព និងវត្តមាននៃជាតិពុល។ អ្នកអាចជ្រើសរើសទទួលទានតែរុក្ខជាតិ ឬតែផ្សេងៗជំនួសវិញ។
៣. គ្រប់គ្រងស្ត្រេស
ប្រសិនបើអ្នកចង់រក្សាតុល្យភាពអ័រម៉ូនឱ្យបានប្រសើរ អ្នកចាំបាច់ត្រូវព្យាយាមគ្រប់គ្រងស្ត្រេសឱ្យបាន! នេះក៏ព្រោះតែភាពតានតឹងក្នុងអារម្មណ៍អាចជះឥទ្ធិពលដល់អ័រម៉ូន។ នៅពេលអ្នកស្ត្រេស បញ្ហាសុខភាពផ្សេងទៀតអាចលេចឡើងដូចជាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី ធាត់ជ្រុល និងសូម្បីតែកើនឡើងនូវខ្លាញ់ក្បាលពោះ។ តាមរយៈការគ្រប់គ្រងស្ត្រេស អ្នកនឹងអាចរក្សាបាននូវតុល្យភាពអ័រម៉ូន។
៤. គេងឱ្យបានច្រើនគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូល ក៏ដូចជាការផលិតអ័រម៉ូន។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ទេនោះ រាងកាយមិនអាចផលិតបរិមាណអ័រម៉ូនបានត្រឹមត្រូវឡើយដែលបង្កជាបញ្ហាអតុល្យភាព។
៥. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ប្រសិនបើអ្នកចង់រក្សាតុល្យភាពអ័រម៉ូនតាមបែបធម្មជាតិ អ្នកចាំបាច់គួរចាប់ផ្ដើមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ការធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណអាចជួយកាត់បន្ថយអាំងស៊ុយលីន ខណៈពេលបង្កើនភាពប្រែប្រួលនឹងអាំងស៊ុយលីន។ នេះមិនត្រឹមតែជួយរាងកាយក្នុងការផលិតអ័រម៉ូនឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាភាពរឹងមាំនៃសាច់ដុំនិងឆ្អឹង ព្រមទាំងមុខងារនៃសរីរាង្គផ្សេងទៀតផងដែរ៕