គ្រប់គ្នានរណាក៏ចង់មានស្បែកមុខសរលោងស្រស់ស្អាតគ្មានមុន, ស្នាមអ៊ុចខ្មៅ និងស្នាមជាំគួរឱ្យទាក់ទាញដែរ។ ការព្យាបាលបែបទំនើប និងការប្រើប្រាស់ផលិតផលសម្រស់ផ្សេងៗ មិនត្រឹមតែតម្រូវឱ្យអ្នកចំណាយប្រាក់អស់ច្រើនប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះផ្ដល់ប៉ះពាល់ចំពោះសុខភាពទៀតតាមរយៈសារធាតុគីមីដែលផលិតផលទាំងនោះមានផ្ទុក។ កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើ ៥មុខដែលល្អសម្រាប់ដោះស្រាយបញ្ហាស្នាមមុន និងជាំមុខ ៖
១. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារស្រស់ ១ ផ្លែ ហើយប្រើប្រាស់សំឡីជ្រលក់លាប ឬផ្ដិតថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ ម៉ោងសិន សឹមលាងជាមួយទឹកធម្មតា។ អនុវត្តរូបមន្តនេះ ២ ដងក្នុងមួយថ្ងៃ ហើយត្រូវប្រាកដថាអ្នកមិនចេញក្រៅត្រូវពន្លឺព្រះអាទិត្យក្រោយពីលាបទឹកក្រូចឆ្មាររួច។ សម្រាប់អ្នកដែលមានស្បែកមុខស្ដើងងាយប្រតិកម្ម គួរលាយទឹកធម្មតាប៉ុន្មានដំណក់ចូលជាមុនសិនសឹមលាបល្បាយលើផ្ទៃមុខ។ រីឯអ្នកដែលមានរបួសលើផ្ទៃមុនមិនគួរអនុវត្តរូបមន្តនេះឡើយ។
២. ផ្លែល្ហុងទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកចំណិតបន្ទះល្ហុងខ្លះមកបិតលើផ្ទៃមុខកន្លែងទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ ឬក៏អ្នកអាចយកល្ហុងមួយចំនួនមកកិនឱ្យម៉ដ្ឋ រួចលាយម្ស៉ៅរមៀត ១ ច្បិច និងទឹកក្រូចឆ្មារស្រស់ចំនួនសមល្មមចូល ហើយកូរឱ្យសព្វ សឹមលាបលើផ្ទៃមុខ រួចទុកចោលរហូតដល់ស្ងួត សឹមលាងចេញជាការស្រេច។ អនុវត្តរូបមន្តនេះ ២ ដងក្នុងមួយសប្តាហ៍។
៣. ម្នាស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកម្នាស់ស្រស់លើតំបន់ស្បែកដែលមានស្នាមអ៊ុចខ្មៅដោយប្រើប្រាស់បន្ទះសំឡី។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញ។
៤. ស្ត្របឺរី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សមកិនស្ត្របឺរីទុំប៉ុន្មានផ្លែឱ្យម៉ដ្ឋ រួចសឹមលាបលើស្នាមជាំមុខ ឬស្នាមអ៊ុចខ្មៅ និងរងចាំសម្រាប់រយៈពេល ៥នាទី ហើយលាងសម្អាតចេញជាមួយទឹកធម្មតា។
៥. សំបកក្រូច
លាយម្សៅសំបកក្រូច ១ស្លាបព្រាបាយជាមួយទឹកដោះគោស្រស់ ៣ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើតំបន់ស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី ហើយលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកក៏អាចប្រើប្រាស់សំបកក្រូចស្រស់ៗផ្នែកខាងក្នុងដុសថ្នមៗលើំស្បែកមុខដែលមានបញ្ហាជាប្រចាំផងដែរ៕