បេះដូងជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែនិងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឱ្យអ្នកមានអាយុវែង ឬរស់បានយូរ។ បេះដូងរបស់អ្នក គឺជាសរីរាង្គសកម្មបំផុតមួយក្នុងរាងកាយដោយវាធ្វើការពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពបេះដូងរឹងមាំប្រសើរ យើងចាំបាច់ត្រូវធ្វើបែបណាខ្លះ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាថ៌កំបាំងនៃការរក្សាសុខភាពបេះដូង ៖
១. ជ្រើសរើសរបបអាហារមានសុខភាពល្អ
របបអាហារមានសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូល ក៏ដូចជាបេះដូង។ ដូច្នេះដើម្បីអាចកាត់បន្ថយហានិភ័យ និងទប់ស្កាត់បញ្ហានៃជំងឺបេះដូង ចូរជ្រើសរើសទទួលទានអាហារ និងអាហារសម្រន់សុខភាពល្អសម្បូរសារធាតុចិញ្ចឹមចាំបាច់។ ចៀសវាងអាហារ ឬភេសជ្ជៈមានជាតិស្ករខ្ពស់, សាច់កែច្នៃ, គ្រឿងស្រវឹង និងអាហារចៀនបំពងខ្លាញ់មិនល្អ។ បង្កើនការទទួលទានបន្លែបៃតង, ផ្លែឈើស្រស់ៗ, ត្រីសម្បូរខ្លាញ់ និងគ្រាប់ធញ្ញជាតិជាដើម។
២. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់អាចរារាំងឈាមមិនឱ្យរត់បានត្រឹមត្រូវ ហើយវាជាអ្វីមួយដែលអាចធ្វើឱ្យឈាមកកកើតមានឡើង។ ឈាមកកនោះអាចចរាចរ ហើយរាំងស្ទះដល់លំហូរនៃឈាមដឹកនាំអុកស៊ីសែនទៅកាន់សាច់ដុំបេះដូងដែលជាអ្វីមួយអាចនាំឱ្យគាំងបេះដូង។ ប្រសិនបើអ្នកផ្ដាច់ការផ្គត់ផ្គង់ឈាមដឹកនាំអុកស៊ីសែនទៅកាន់ផ្នែកមួយនៃខួរក្បាល នោះហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនឹងឡើងខ្ពស់គួរឱ្យព្រួយបារម្ភជាក់ជាមិនខាន។ ដូច្នេះដើម្បីជាការប្រសើរចូរគេងឱ្យបានច្រើនគ្រប់គ្រាន់ក្នុងមួយយប់ៗ។
៣. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
មិនមែនមានន័យថាអ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ! ត្រឹមតែការដើរយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃក៏ប្រសើរចំពោះសុខភាពបេះដូងណាស់ទៅហើយ។ ការជិះកង់ក៏ជាលំហាត់ប្រាណដ៏ល្អផងដែរ! ការជិះកង់ជួយពង្រឹងសាច់ដុំបេះដូង បញ្ចុះសម្ពាធឈាម និងបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អដែលសុទ្ធតែជាកត្តាសំខាន់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរចៀសផុតហានិភ័យនៃជំងឺបេះដូង ឬសូម្បីតែជំងឺដាច់សសៃឈាមខួរក្បាល។
៤. មិនជក់បារី
បញ្ឈប់ការជក់បារីនិងការពារខ្លួនពីការហិតផ្សែងបារីអ្នកដទៃ។ ការជក់បារីជះផលប៉ះពាលដល់សសៃឈាមដែលបង្កគ្រោះថ្នាក់សុខភាពបេះដូងគួរឱ្យបារម្ភ។ ដូច្នេះនៅពេលឈប់ជក់បារីហានិភ័យនៃជំងឺបេះដូងនឹងត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។
៥. កាត់បន្ថយស្ត្រេស
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាកត្តាចម្បងបំផុតមួយនៃបញ្ហាសុខភាពជាច្រើនរួមទាំងជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល។ ស្ត្រេសបន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយ ហើយថែមទាំងបណ្ដាលឱ្យរាងកាយបង្កើនការផលិតអ័រម៉ូន cortisol និង epinephrine ដែលបង្កបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។ កូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់នេះហើយជាមូលហេតុទូទៅបំផុតនៃជំងឺបេះដូង។
៦. រក្សាទម្ងន់ត្រឹមត្រូវ
ភាពធាត់ជ្រុល ឬលើសទម្ងន់ជាកត្តាចម្បងបំផុតមួយនៃជំងឺបេះដូង។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់និងជ្រើសរើសរបបអាហារសុខភាពល្អដើម្បីរក្សាទម្ងន់រាងកាយត្រឹមត្រូវ៕