ថាតើការរលាកបំពង់អាហារដែលបណ្ដាលមកពីមូលហេតុអ្វីខ្លះ ហើយមានរោគសញ្ញាបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុចម្បងនៃបញ្ហារលាកបំពង់អាហារ ព្រមជាមួយរោគសញ្ញាដែលអាចលេចឡើង ៖
- មូលហេតុបង្ក
មានកត្តាច្រើនណាស់ដែលអាចបង្កបញ្ហារលាកបំពង់អាហារឱ្យកើតមាន ហើយមួយក្នុងចំណោមមូលហេតុទាំងនោះ គឺការច្រាលអាស៊ីតក្រពះ ឬជំងឺច្រាលទឹកអាស៊ីតក្រពះ។ នៅពេលដែលភាគល្អិតៗនៃអាហារនិងអាស៊ីតក្នុងក្រពះហូរច្រាលចូលទៅក្នុងបំពង់អាហារ នោះវានឹងបង្កការរលាកដល់បំពង់អាហារ។ បន្ថែមពីនេះការប្រតិកម្ម ឬអាឡែកស៊ីអាហារ, ការឆ្លងមេរោគ និងឥទ្ធិពលនៃថ្នាំមួយចំនួនក៏អាចបណ្ដាលឱ្យបំពង់អាហារប្រែជារលាកបានដែរ។
- រោគសញ្ញានៃការរលាកបំពង់អាហារ
មួយក្នងចំណោមរោគសញ្ញាដែលងាយនឹងកត់សម្គាល់បាននៅពេលរលាកបំពង់អាហារនោះ គឺការក្រហាយទ្រូង ដោយអាចមានអារម្មណ៍ដូចជាត្រូវភ្លើងឆេះ។ វាក៏អាចអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាពិបាកលេប, ឈឺចាប់នៅពេលលេប, ឈឺបំពង់ក, សម្លេងប្រែជាស្អក, ក្អក, ចង្អោរចង់ក្អួត និងបាត់បង់ចំណង់អាហារ។ ក្នុងករណីខ្លះបញ្ហារលាកបំពង់អាហារអាចត្រូវបានយល់ច្រឡំជាមួយនឹងជំងឺគាំងបេះដូង ខណៈដែលវាអាចបង្កអាការៈឈឺទ្រូង។ ទោះជាយ៉ាងណាជំងឺគាំងបេះដូងច្រើនតែអមមកជាមួយនូវអាការៈមួយចំនួនទៀតដូចជាភាពខ្លីនៃដង្ហើម, វិលមុខ និងបែកញើសខ្លាំង។
សម្គាល់! បញ្ហារលាកបំពង់អាហារអាចកើតមានឡើងដោយមូលហេតុផ្សេងៗពីគ្នា ហើយការព្យាបាលក៏ខុសគ្នាទៅតាមនោះដែរ។ ការគ្រប់គ្រងបាននូវស្ថានភាពនៃបញ្ហានេះដោយមានជំនួយពីគ្រូពេទ្យជំនាញ គឺចាំបាច់ណាស់។ បើមិនដូច្នោះទេ វាអាចបង្កផលវិបាកធ្ងន់ធ្ងរជាច្រើនគួរឱ្យបារម្ភ។ ដូច្នេះក្នុងករណីសង្ស័យ អ្នកគួរប្រញាប់ទៅជួបទទួលការពិនិត្យពីសំណាក់គ្រូពេទ្យជំនាញ៕