ទោះជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានប៉េងប៉ោះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាបន្លែនេះអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសម្រស់។ ថាតើប៉េងប៉ោះអាចផ្ដល់ផលល្អៗអ្វីខ្លះចំពោះសម្រស់របស់អ្នក? ខាងក្រោមវេបសាយសុខភាព Health.com.kh
នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់ប៉េងប៉ោះថែរក្សាសម្រស់ ៖
១. ប៉េងប៉ោះនិងស្ករស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាច់ប៉េងប៉ោះ ២ស្លាបព្រាបាយជាមួយស្ករស ១ស្លាបព្រាបាយឱ្យសព្វចូលគ្នាក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកមុខក្នុងចលនាបែបរង្វង់ថ្នមៗ និងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។
២. ប៉េងប៉ោះ, ក្រូចឆ្មារ និងយ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយប៉េងប៉ោះ ១ផ្លែឱ្យក្លាយជាម៉ដ្ឋខាប់ៗជាមុនសិន បន្ទាប់មកសឹមបន្ថែមយ៉ាអួរ ១ស្លាបព្រា និងទឹកក្រូចឆ្មារស្រស់ៗពី ២ ទៅ ៣ដំណក់ចូល។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ ហើយរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទីមុនលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៣. ប៉េងប៉ោះនិងត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប៉េងប៉ោះស្រស់ៗក្នុងបរិមាណស្មើគ្នាជាមួយទឹកត្រសក់ស្រស់ឱ្យសព្វចូលគ្នា។ បន្ទាប់មកអ្នកអាចលាយទឹកដោះគោស្រស់បន្តិចចូល មុននឹងលាបល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកក៏អាចអនុវត្តរូបមន្តនេះ ២ដងក្នុងមួយសប្តាហ៍ផងដែរ។
៤. ប៉េងប៉ោះ និងប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវការ គឺជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ និងទឹកប៉េងប៉ោះស្រស់ ២ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយគ្រឿងផ្សំទាំង ២ ចូលគ្នា រួជកូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើផ្នែកដែលទទួលរងផលប៉ះពាល់ដោយសារមុន។ ទុកចោលសម្រាប់រយៈពេល ២០ នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតមុខចេញជាមួយទឹកត្រជាក់។ អ្នកអាចអនុវត្តរូបមន្តនេះយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។
៥. ប៉េងប៉ោះនិងផ្លែបឺរ
រូបមន្តនេះជួយឱ្យស្បែកមុខភ្លឺស្រស់ថ្លា ហើយសាកសមសម្រាប់អ្នកដែលមានបញ្ហាស្បែកមុខស្ងួត ឬខ្លាញ់ និងឆាប់ប្រតិកម្ម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយសាច់ផ្លែបឺរនិងប៉េងប៉ោះក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យម៉ដ្ឋ។ បន្ទាប់មកលាបល្បាយលើស្បែកនិងរងចាំសម្រាប់រយៈពេល ១០ នាទី ឬរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំ។ រូបមន្តនេះថែមទាំងជួយរក្សាសំណើមដល់ស្បែកនិងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ៕