ធ្មេញរបស់អ្នក ក៏ដូចទៅនឹងផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ គឺត្រូវការការយកចិត្តទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងបញ្ហាផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើអ្នកមិនចូលចិត្តជួបពិនិត្យជាមួយទន្តពេទ្យទេនោះ អ្នកអាចព្យាយាមការពារធ្មេញពុកខូចបានដោយខ្លួនឯងបាន ដោយគ្រាន់តែអនុវត្តតាមទម្លាប់ល្អៗមួយចំនួនជាប្រចាំ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗបំផុតមួយចំនួនដែលអ្នកអាចធ្វើបាន និងគួរព្យាយាមអនុវត្តតាម ដើម្បីបង្ការបញ្ហាពុកធ្មេញ និងព្យាបាលធ្មេញប្រហោងឲ្យប្រែជាល្អប្រសើរឡើងវិញ ៖
១. ផ្លាស់ប្ដូរទម្លាប់នៃការទទួលទាន
ការផ្លាស់ប្ដូរទម្លាប់នៃការទទួលទាន គឺពិតជាអាចជួយដោះស្រាយបញ្ហាធ្មេញពុក។ យើងដឹងហើយថា ការទទួលទានអាហារដែលសម្បូរទៅដោយជាតិផ្អែម ឬជាតិស្ករអាចនាំឲ្យធ្មេញពុក ហើយក៏បង្កឲ្យកើតមានបញ្ហាទាក់ទងនឹងការស្រូបយកជាតិកាល់ស្យូមផងដែរតាមរយៈអាស៊ីត phytic។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកផ្លាស់ប្ដូរទម្លាប់នៃការទទួលទាន អ្នកនឹងគ្មានថ្ងៃប្រឈមមុខនូវបញ្ហាផ្សេងៗណាមួយឡើយ។ ចូរព្យាយាមទទួលទានផលិតផលធ្វើឡើងពីទឹកដោះគោរាល់ថ្ងៃ ( ទឹកដោះគោស្រស់, យ៉ាអ៊ួរ, គ្រីមជូរ និងឈីស)ដើម្បីទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់។ ជៀសវាងការទទួលទានភេសជ្ជៈមានជាតិផ្អែមខ្ពស់ និងមានជាតិហ្គាស ដោយព្យាយាមទទួលទានទឹកធម្មតា, តែគ្មានជាតិផ្អែម និងផ្លែឈើក្រឡុកជំនួសវិញ។
២. ទំពារស្ករកៅស៊ូគ្មានជាតិស្ករ
ការទំពារស្ករកៅស៊ូគ្មានជាតិស្ករ គឺពិតជាអាចជួយការពារអ្នកពីបញ្ហាធ្មេញពុក។ ស្ករកៅស៊ូគ្មានជាតិស្ករភាគច្រើនមានផ្ទុកនូវសមាសធាតុ xylitol ដែលជាជាតិផ្អែមធម្មជាតិ។ មិនដូចអាហារនោះទេ xylitol មិននាំឲ្យមានការលូតលាស់នៃបាក់តេរីផ្សេងៗក្នុងមាត់ឡើយ។ លើសពីនេះទៅទៀត ការទំពារស្ករកៅស៊ូ ជម្រុញការផលិតទឹកមាត់ដែលអាចជួយកម្ចាត់សំណល់អាហារក្នុងមាត់តាមបែបធម្មជាតិ។
៣. សម្អាត និងផ្លាស់ប្ដូរច្រាសដុសធ្មេញឲ្យបានទៀងទាត់
– ជ្រើសរើសច្រាសដុសធ្មេញបានត្រឹមត្រូវ ដោយរើសយកច្រាសមានទំហំតូច ឬខ្នាត
កណ្ដាល ហើយត្រូវប្រាកដថា សសៃច្រាសអាចចូលដល់ចន្លោះធ្មេញ។
– កុំគ្របច្រាសដុសធ្មេញបន្ទាប់ពីប្រើប្រាស់រួច ក៏ព្រោះវាបង្ក និងក្លាយជាកន្លែងផ្ទុកពពួកមីក្រូសារពាង្គកាយ រួមទាំងបាក់តេរី។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគ្រាន់តែលាងសម្អាតច្រាសជាមួយទឹក បន្ទាប់ពីប្រើរួច ហើយទុកវានៅកន្លែងស្ងួតស្អាត។ ប៉ុន្តែកុំទុកច្រាសក្នុងបន្ទប់ទឹកឲ្យសោះ ក៏ព្រោះពពួកបាក់តេរីអាចតោងជាប់នឹងច្រាសបាន។
– ផ្លាស់ប្ដូរច្រាសដុសធ្មេញឲ្យបានទៀងទាត់ ក៏ព្រោះសសៃច្រាសនឹងខូចគុណភាព បន្ទាប់ពីប្រើយូរទៅ។ ជាលទ្ធផល អ្នកមិនអាចសម្អាតធ្មេញបានស្អាត ដូចពេលប្រើប្រាស់ច្រាសថ្មីឡើយ។
៤. អនុវត្តទម្លាប់មូលដ្ឋាននៃការថែទាំធ្មេញ
– ដុសធ្មេញឲ្យបាន ២ ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេល ២នាទី។ ព្យាយាមដុសសម្អាតឲ្យបានគ្រប់ធ្មេញ។
– ប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញ។ ពេលខ្លះការដុសធ្មេញមិនសម្អាតធ្មេញបានស្អាតដូចការប្រើប្រាស់ខ្សែរ៉ូតឡើយ។ ការប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញអាចកម្ចាត់ចេញនូវសំណល់អាហារដែលជាប់នៅកៀនចន្លោះធ្មេញ ក៏ដូចជាក្រោមអញ្ចាញ។
– ប្រើប្រាស់ទឹកខ្ពុរមាត់។ មិនថាប្រភេទណាកដ៏ដោយ ទឹកខ្ពុរមាត់មានឥទ្ធិពលកម្ចាត់បាក់តេរីដែលនឹងជួយសម្អាតបាក់តេរីមិនល្អចេញពីក្នុងមាត់របស់អ្នក។ កុំលាងសម្អាតមាត់ជាមួយនឹងទឹកធម្មតា បន្ទាប់ពីប្រើប្រាស់ទឹកខ្ពុរមាត់ ដើម្បីរក្សាប្រសិទ្ធិភាពបានយូរ។
៥. ណាត់ជួបទន្តពេទ្យ ដើម្បីទទួលយកការសម្អាតធ្មេញទៀងទាត់
មិនថាអ្នកព្យាយាមសម្អាតធ្មេញដោយខ្លួនឯងយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចសម្អាតបានដល់គ្រប់កន្លែងក្នុងមាត់ដែរ។ ពេទ្យធ្មេញនឹងសម្អាតជួរជើងធ្មេញទាំងមុន និងក្រោយ ដើម្បីកម្ចាត់កំណកកំបោរ។ ការលាងសម្អាតទៀតទាត់ គឺជាកត្តាចាំបាច់មួយប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាធ្មេញប្រហោងដង្កូវស៊ី។ ដូច្នេះដើម្បីជាការប្រសើរ ចូរធ្វើការណាត់ជួបជាមួយពេទ្យធ្មេញ ឬទន្តពេទ្យឲ្យបានយ៉ាងហោចណាស់ ម្ដង ឬ ពីរដង ក្នុងមួយឆ្នាំ។
៦. បន្ថែមសារធាតុបំប៉ន និងវីតាមីនក្នុងរបបអាហារ
វីតាមីន គឺចាំបាច់ណាស់ ដើម្បីរក្សាសុខភាពមាត់ធ្មេញល្អ។
– ដើម្បីជម្រុញការផលិតទឹកមាត់ អ្នកត្រូវទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃដូចជា ផ្លែឈើ, គ្រាប់ធញ្ញជាតិ និងបន្លែ។ ល្អបំផុតនោះ គឺផ្លែប៉ោម, ចេក,ស្ពៃក្ដោប និងសណ្ដែកបារាំង។
– ទទួលទានអាហារធញ្ញជាតិសុទ្ធ។ អាហារប្រភេទនេះមានផ្ទុកនូវវីតាមីន B និងជាតិដែកខ្ពស់។ គ្រាប់ធញ្ញជាតិសុទ្ធ ក៏ជាប្រភពនៃជាតិម៉ាញ៉េស្យូមដែលជាសារធាតុរ៉ែសំខាន់ជួយក្នុងការស្រូបយកកាល់ស្យូម និងពង្រឹងសុខភាពធ្មេញ។
– ទទួលទានគ្រឿងសមុទ្រឲ្យបានញឹកញាប់ ប្រសិនបើអ្នកចង់ទទួលបាននូវវីតាមីន D បន្ថែមក្នុងអាហារ។ ត្រីសាលម៉ុន, ត្រី herrings និងត្រីធូណាកំប៉ុង និងត្រីសាឌីនជាដើម គឺសុទ្ធតែជាប្រភពដ៏ល្អនៃវីតាមីន D៕