ទម្លាប់មួយចំនួនអាចជះឥទ្ធិពលគួរឱ្យបារម្ភចំពោះកម្រិតនៃអ័រម៉ូនរីករាយ។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ចំនួន ៥ដែលអ្នកគួរផ្លាស់ប្ដូរចេញបើមិនចង់បាត់បង់អ័រម៉ូនរីករាយ ៖
១. ខ្ជិលធ្វើលំហាត់ប្រាណ
ភាពអសកម្មនៃរាងកាយមិនត្រឹមតែធ្វើឱ្យអ្នកកើនទម្ងន់ និងបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជះផលប៉ះពាល់ដល់កម្រិតនៃអ័រម៉ូនរីករាយផងដែរ។ ជាធម្មតាការធ្វើលំហាត់ប្រាណជួយដុតបំផ្លាញកាឡូរីដែលលើស និងជម្រុញការផលិតអ័រម៉ូនរីករាយក្នុងខួរក្បាល។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណជាប្រចាំខួរក្បាលមិនអាចបញ្ចេញនូវអ័រម៉ូនរីករាយគ្រប់គ្រាន់ឡើយ។
២. ចំណាយពេលច្រើនលើប្រព័ន្ធអនឡាញ
មកទល់នឹងពេលបច្ចុប្បន្ន មនុស្សរាប់លានអ្នកនៅលើពិភពលោកកំពុងជួបប្រទះបញ្ហានៃជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្ត។ យោងតាមអ្នកឯកទេសខាងសុខភាពផ្លូវចិត្ត ភាគច្រើននៃបញ្ហាសុខភាពផ្លូវចិត្តអាចបណ្ដាលមកពីភាពតានតឹងក្នុងអារម្មណ៍។ ហើយអ្វីទៅជាមូលហេតុចម្បងដែលធ្វើឱ្យមនុស្សជាច្រើនសព្វថ្ងៃនេះមានអារម្មណ៍ស្ត្រេស? នោះ គឺការចំណាយពេលច្រើនលេងបណ្ដាញសង្គមតាមរយៈទូរស័ព្ទដៃរបស់ពួកគេ។ ផ្អែកលើការស្រាវជ្រាវមួយបង្ហាញថា អ្នកដែលចំណាយពេលរបស់ខ្លួនច្រើនលើទូរស័ព្ទ គឺងាយនឹងទទួលរងបញ្ហាថប់បារម្ភ និងធ្លាក់ទឹកចិត្ត ជាងអ្នកដែលមិនសូវលេងទូរស័ព្ទ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមកម្រិតការចំណាយពេលវេលារបស់អ្នកលើបណ្ដាញសង្គម។
៣. មិនចេញទៅក្រៅសោះ ឬនៅតែក្នុងផ្ទះគ្រប់ពេល
អ្នកជំនាញផ្នែកសុខភាពខួរក្បាលបានឱ្យដឹងថា អាការៈនៃជំងឺធ្លាក់ទឹកចិត្តអាចបណ្ដាលមកពីការត្រូវពន្លឺថ្ងៃមិនបានគ្រប់គ្រាន់។ នោះក៏ព្រោះតែវីតាមីន D ដែលផ្ដល់ឱ្យដោយពន្លឺព្រះអាទិត្យ គឺចាំបាច់ណាស់សម្រាប់ការផលិត និងសំយោគអ័រម៉ូនរីករាយក្នុងខួរក្បាល។ ទោះជាយ៉ាងណាពេលវេលាល្អបំផុតដើម្បីទទួលអត្ថប្រយោជន៍ពីពន្លឺព្រះអាទិត្យនោះ គឺនៅចន្លោះមុនម៉ោង ១០ព្រឹក និងក្រោយម៉ោង ៤ល្ងាច។
៤. មិនទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតសោះ
យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា កាបូអ៊ីដ្រាតក៏រួមចំណែកក្នុងការផលិតអ័រម៉ូនរីករាយផងដែរ។ ជំនួសឱ្យការមិនទទួលទានសោះតែម្ដង អ្នកគួរកម្រិតការញ៊ាំវាទើបប្រសើរ។ អ្នកក៏គួរជ្រើសរើសទទួលទានកាបូអ៊ីដ្រាតដែលមានប្រភពចេញពីផ្លែឈើ, បន្លែ, គ្រាប់ធញ្ញជាតិ, គ្រាប់ពូជ និងអង្ករសម្រូបជាដើម។
៥. ស្ត្រេសសឹងតែគ្រប់ពេល
ភាពតានតឹងក្នុងអារម្មណ៍មិនត្រឹមតែកាត់បន្ថយកម្រិតនៃអ័រម៉ូនរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនហានិភ័យនៃជំងឺបាក់ទឹកចិត្ត, ថប់បារម្ភ, ជាតិស្ករក្នុងឈាមឡើងខ្ពស់, ជំងឺទឹកនោមផ្អែមប្រភេទទី ២, សម្ពាធឈាមឡើងខ្ពស់ និងជំងឺបេះដូងគួរឱ្យបារម្ភផងដែរ។ ការដែលចង់នៅស្ងៀមស្ងាត់មិនធ្វើអ្វីទាំងអស់ គឺទម្រង់ទូទៅមួយប្រភេទនៃបញ្ហាស្ត្រេស ឬការថយចុះខ្លាំងនូវអ័រម៉ូនរីករាយសេរ៉ូតូនីន។ ធ្លាប់ដឹងទេថាអ្នកកំពុងប្រឈមមុខនឹងបញ្ហាស្ត្រេស ឬតានតឹងខ្លាំងហើយ ប្រសិនបើអ្នកមិនចង់ចេញដើរទៅណាសោះ សូម្បីតែការសន្ធឹងពត់ពែនខ្លួនបន្តិចបន្តួចក៏មិនធ្វើ ក្រៅពីអង្គុយសញ្ជឹងគិតម្នាក់ឯង? ប្រសិនបើការថប់បារម្ភ គឺកើតមានជាប្រចាំ ហើយអ្នកមិនអាចសូម្បីតែតាំងអារម្មណ៍អានសៀវភៅនោះវាដល់ពេលដែលអ្នកគួរចាប់ផ្ដើមរកមូលហេតុពិតប្រាកដដែលធ្វើអោយអ្នកក្លាយជាបែបនេះ។ ជួនកាលសត្រូវដ៏ធំបំផុត គឺការគិតរបស់អ្នក។ វាដល់ពេលដែលអ្នកគួរប្រញាប់ដោះស្រាយបញ្ហាថប់បារម្ភ និងភាពភ័យខ្លាចផ្សេងៗ ឬការខ្វាយខ្វល់ពេកហើយ៕