ជំងឺគេងមិនលក់ក៏អាចបណ្ដាលមកពីមូលហេតុមួយចំនួនដែលភាគច្រើននៃពួកយើងស្មានមិនដល់ផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុស្មានមិនដល់ចំនួន ៤ដែលអាចបង្កជំងឺគេងមិនលក់ ៖
១. ការប្រើប្រាស់ថ្នាំដុសធ្មេញផ្សំឡើងពីជីអង្កាមមុនពេលចូលគេង
ការដុសសម្អាតធ្មេញមុនពេលចូលគេង គឺសំខាន់ណាស់ដើម្បីរក្សាសុខភាពមាត់ធ្មេញល្អប្រសើរ។ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាថ្នាំដុសធ្មេញផ្សំឡើងពីជីអង្កាមអាចធ្វើឱ្យអ្នកពិបាកនឹងគេងលក់? អ្នកជំនាញជាច្រើននិយាយថា ជីអង្កាមមានសមត្ថភាពផ្ដល់ថាមពលដល់ខួរក្បាលដែលនាំឱ្យអ្នកមានអារម្មណ៍ស្វាងងងុយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសប្រើប្រាស់ថ្នាំដុសធ្មេញដែលផ្សំឡើងពីជីអង្កាមនៅពេលព្រឹក ហើយប្រើប្រាស់ថ្នាំដុសធ្មេញផ្សេងពីនេះនៅមុនពេលចូលគេងវិញ។
២. លេងទូរសព្ទពេលចូលគេង
ទម្លាប់លេងទូរសព្ទរហូតដល់ងងុយគេងអាចជះផលប៉ះពាល់ដល់ការផលិតអ័រម៉ូនមេឡាតូនីនដែលគ្រប់គ្រងការគេងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាឧបករណ៍អេឡិចត្រូនិចផ្សេងទៀតក៏អាចជះពន្លឺពណ៌ខៀវរំខានដល់ការគេងផងដែរ។ ដូច្នេះអ្នកនឹងជួបប្រទះបញ្ហាពិបាកគេងលក់បានស្កប់ជាមិនខានប្រសិនបើមើលទូរទស្សន៍ឫឧបករណ៍ផ្សេងៗរួមមានទូរសព្ទ ឬកុំព្យូទ័រជាដើមនៅមុនពេលចូលគេង។ នេះក៏ព្រោះតែពន្លឺពណ៌ខៀវដែលជះចេញពីអេក្រង់នៃគ្រឿងអេឡិចត្រូនិចរាំងស្ទះដល់ការផលិតអ័រម៉ូនមេឡាតូនីន ដែលជួយធ្វើឱ្យងងុយគេង។ ដើម្បជាការប្រសើរអ្នកគួរកុំប្រើប្រាស់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិកផ្សេងទៀតមុនពេលចូលគេងយ៉ាងហោចណាស់ ២ ម៉ោង។
៣. ផលប៉ះពាល់នៃថ្នាំមួយចំនួន
ការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចមានឥទ្ធិពលបណ្ដាលឱ្យអ្នកគេងមិនលក់ផងដែរ។ ប៉ុន្តែទោះបីជាអ្នកសង្ស័យថា ការគេងមិនលក់របស់អ្នកអាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំណាមួយក៏ដោយ ក៏មិនត្រូវប្រញាប់ឈប់លេបដោយគ្មានការអនុញ្ញាត ឬវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យឡើយ។ ដើម្បីជាការប្រសើរ អ្នកគួរពិគ្រោះអំពីបញ្ហានេះជាមួយគ្រូពេទ្យជំនាញជាមុនសិន។
៤. ជំងឺធ្លាក់ទឹកចិត្ត
ពិតណាស់បញ្ហានៃជំងឺផ្លូវចិត្តអាចបណ្ដាលឱ្យគ្រប់គ្នាដែលជួបប្រទះពិបាកនឹងគេងលក់ណាស់។ ផលវិបាកមួយនៃជំងឺធ្លាក់ទឹកចិត្ត គឺការគេងមិនលក់។ ហើយនៅពេលអ្នកមិនបានគេងសោះនោះ អ្នកនឹងមានអារម្មណ៍មិនស្រួលដែលអាចធ្វើឱ្យបញ្ហានៃការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើង។ លើសពីនេះទៅទៀត នៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។ ធ្លាប់ដឹងទេថាអ្នកដែលចូលគេងយប់ជ្រៅច្រើនតែមានគំនិត ឬការគិតអវិជ្ជមាន? ហើយការគិតបែបនេះច្រើន គឺតែងផ្សារភ្ជាប់នឹងការវិវត្តន៍ទៅជាជំងឺធ្លាក់ទឹកចិត្ត។
៥. របបអាហារ
របបអាហារមិនត្រឹមត្រូវអាចបណ្ដាលឱ្យក្រពះងាយនឹញ្ហាច្រាលទឹកអាស៊ីតក្រពះនឹងបង្កអាការៈគួរអោយរំខានជាច្រើនរួមមានក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ ព្រមទាំងក្អកដែលអាចជះឥទ្ធិពលដល់ការគេងរបស់អ្នក។ អ្នកក៏គួរកំណត់ម៉ោងទទួលទានអាហារល្ងាច ឬយប់និងម៉ោងចូលគេងឱ្យឃ្លាតពីគ្នាយ៉ាងហោចណាស់ក៏ពី ២ ទៅ ៣ម៉ោងដែរ។ ការញ៊ាំរួចគេងភ្លាមអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះគួរឱ្យបារម្ភ! ចៀសវាងញ៊ាំអាហារជូរ, ហឹរ និងសម្បូរខ្លាញ់នៅមុនពេលចូលគេង៕