ជំងឺទឹកនោមផ្អែម គឺជាបញ្ហាសុខភាពទូទៅបំផុតមួយដែលកើតមាននៅទូទាំងពិភពលោក។ ហើយបើទោះបីជាភាគច្រើននៃពួកយើងឧស្សាហ៍បានលីជាញឹកញយអំពីជំងឺនេះ ប៉ុន្តែក៏មិនប្រាកដថាបានដឹងគ្រប់ចំនុចនៅឡើយទេ។ យោងតាមការស្រាវជ្រាវរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងចំណេះដឹងអំពីជម្ងឺទឹកនោមផ្អែមប្រភេទទី២ មានភាពប្រសើរឡើងជាងមុនដែលជាលទ្ធផលនៃការទប់ស្កាត់និងគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងរឿងរ៉ាវ ៦ចំនុចដែលអ្នកគួរដឹងបន្ថែមពីជំងឺទឹកនោមផ្អែមប្រភេទទី ២ ៖
១. ជាជំងឺដែលមិនទាន់មានថ្នាំព្យាបាលឱ្យជាសះស្បើយនៅឡេីយ
ជំងឺទឹកនោមផ្អែម គឺស្ថានភាពមួយដែលកើតឡើងនៅពេលរាងកាយមានបញ្ហាក្នុងការគ្រប់គ្រងកម្រិតនៃជាតិស្ករ។ ខណៈពេលនេះរាងកាយអសមត្ថភាពក្នុងការផលិត ឬប្រើប្រាស់អាំងស៊ុយលីនដែលជាអ័រម៉ូនមួយទទួលខុសត្រូវក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ជំងឺទឹកនោមផ្អែមធ្វើឱ្យរាងកាយមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ឡើយ ហើយរាល់កោសិកាជួបប្រទះបញ្ហាធន់នឹងអាំងស៊ុយលីន និងមិនអាចប្រើប្រាស់អាំងស៊ុយលីនដែលផលិតបានប្រកបដោយប្រសិទ្ធិភាពឡើយ។ ប្រសិនបើរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករបាន នោះកម្រិតនៃជាតិស្ករក្នុងឈាមនឹងកើនឡើងខ្ពស់។ ជាលទ្ធផលនៃភាពធន់របស់កោសិកា នោះកោសិកាផ្សេងៗក្នុងរាងកាយមិនអាចទទួលបានថាមពលតាមតម្រូវការដើម្បីដំណើរការមុខងារប្រក្រតីឡើយដែលជាមូលហេតុនៃបញ្ហាសុខភាពគួរឱ្យបារម្ភដទៃទៀត។ ជំងឺទឹកនោមផ្អែម គឺជាស្ថានភាពរ៉ាំរ៉ៃមួយដែលមានន័យថាវាកើតឡើងរយៈពេលយូរ។ បច្ចុប្បន្ននេះគ្មានការព្យាបាលទេ ដូច្នេះបញ្ហាសុខភាពនេះចាំបាច់ត្រូវទទួលការពិនិត្យនិងគ្រប់គ្រងដោយប្រុងប្រយ័ត្ន ហើយករណីខ្លះចាំបាច់ត្រូវប្រើប្រាស់ថ្នាំដើម្បីរក្សាស្ថេរភាព ឬភាពប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាម។
២. ហានិភ័យខ្ពស់ ជាពិសេសក្នុងចំណោមមនុស្សពេញវ័យ និងក្មេងជំទង់
យោងតាមប្រភពនៃអង្គការសុខភាពពិភពលោកបានឱ្យដឹងថា មកទល់នឹងពេលបច្ចុប្បន្នចំនួនអ្នកជំងឺទឹកនោមផ្អែមនៅជុំវិញពិភពលោកបានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ហេីយភាគច្រើនសុទ្ធសឹងតែជាជម្ងឺទឹកនោមផ្អែមប្រភេទទី២។ អ្វីដែលគួរឱ្យព្រួយបារម្ភថែមទៀតនោះ គឺជំងឺទឹកនោមផ្អែមប្រភេទទី ២ដែលធ្លាប់តែកើតមានលើមនុស្សចាស់បានប្រែជាលេចឡើងច្រើនក្នុងចំណោមក្មេងជំទង់ដែរ។ នេះក៏ព្រោះតែជំងឺទឹកនោមផ្អែមប្រភេទទី ២ មានទំនាក់ទំនងផ្សារភ្ជាប់នឹងសន្ទស្សន៍ម៉ាសរាងកាយ និងភាពធាត់ជ្រុលដែលក្មេងៗភាគច្រើនជួបប្រទះនាពេលបច្ចុប្បន្ន។
៣. ជាជំងឺដែលអាចសម្ងំលាក់ខ្លួនមិនឱ្យសម្គាល់ឃើញរោគសញ្ញាច្បាស់លាស់បានជាច្រើនឆ្នាំ
ជំងឺទឹកនោមផ្អែមប្រភេទទី២ ភាគច្រើនមិនត្រូវបានធ្វើរោគវិនិច្ឆ័យទេ ក៏ព្រោះកង្វះរោគសញ្ញា ឫដោយសារតែអ្នកដែលកើតយល់ថាមិនមែនជាជំងឺនេះ។ ម្យ៉ាងវិញទៀតមូលហេតុនៃរោគសញ្ញាមានដូចជា អស់កម្លាំងល្ហិតល្ហៃ ភាពឃ្លានកើនឡើងខ្លាំង និងស្រេកទឹកឥតឈប់ ពេលខ្លះពិបាកសន្មតបានថាជាជំងឺទឹកនោមផ្អែមណាស់។ ដូច្នេះហើយទើបការធ្វើតេស្តពិនិត្យកម្រិតជាតិស្ករក្នុងឈាម គឺជារឿងសំខាន់សម្រាប់អ្នកដែលមានវ័យចាប់ពី ៤៥ឆ្នាំឡេីង ជាពិសេសប្រសិនបើធាត់លើសទម្ងន់ផងនោះ។ ទោះបីជាអ្នកមានវ័យក្រោម ៤៥ឆ្នាំក៏ដោយ ក៏គួរយកចិត្តទុកដាក់លើការធ្វើតេស្តពិនិត្យជាតិស្ករដែរ ប្រសិនបើធាត់លើសទម្ងន់ ខណៈដែលភាពធាត់ជ្រុលនេះជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។
៤. អាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរច្រើនទៀត បើមិនបានធ្វើរោគវិនិច្ឆ័យទាន់ពេល
ប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យទាន់ពេលដើម្បីទទួលការព្យាបាលត្រឹមត្រូវទេនោះ យូរទៅជំងឺនេះអាចបង្កការគំរាមកំហែងដល់អាយុជីវិតគួរឱ្យបារម្ភ។ ក៏ដូចគ្នាផងដែរចំពោះអ្នកដែលធ្វេសប្រហែសមិនយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករ ឬជំងឺទឹកនោមផ្អែមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ។ ផលវិបាកធ្ងន់ធ្ងរដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ អាចប្រឈមមុខនោះ គឺហានិភ័យនៃជំងឺបេះដូង, ជំងឺភ្នែកដោយសារទឹកនោមផ្អែម, បញ្ហាតម្រងនោម ឬខូចក្រលៀន, បញ្ហាសរសៃប្រសាទ, ការស្ដាប់លឺរងផលប៉ះពាល់, ដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺវង្វេង។ ទោះជាយ៉ាងណាការរក្សាឱ្យបាននូវស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាម, កូឡេស្តេរ៉ូល និងសម្ពាធឈាមអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពដូចបានរៀបរាប់មុននេះ។ គន្លឹះសំខាន់នោះ គឺការធ្វើរោគវិនិច្ឆ័យបានទាន់ពេល, ការព្យាបាលត្រឹមត្រូវ, របៀបរស់នៅមានសុខភាពល្អ និងការពិនិត្យតាមដានជាប្រចាំ។
៥. ក្រុមមនុស្សដែលប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺនេះ
– ធាត់លើសទម្ងន់ ឬធាត់ជ្រុល
– អ្នកដែលមានខ្លាញ់ច្រើនត្រង់ពាក់កណ្ដាលខ្លួន
– អ្នកដែលមិនសូវសកម្ម (មិនធ្វើលំហាត់ប្រាណ) ឬធ្វើលំហាត់ប្រាណតិចជាង ៣ដងក្នុងមួយសប្តាហ៍
– អ្នកដែលមានសមាជិកគ្រួសារកើតជំងឺទឹកនោមផ្អែម ឬមានប្រវត្តិកើតជំងឺនេះ
– មានប្រវត្តិកើតជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ
– មានបញ្ហាកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ប្រឈមនឹងជំងឺទឹកនោមផ្អែម
– មានប្រវត្តិជួបប្រទះបញ្ហាធន់នឹងអាំងស៊ុយលីន
– មានវ័យចាប់ពី ៤៥ឆ្នាំឡើង
– អ្នកដែលមានកម្រិតជាតិខ្លាញ់មិនល្អក្នុងឈាមឡើងខ្ពស់, កម្រិតកូឡេស្តេរ៉ូលល្អទាប និងអ្នកដែលមានបញ្ហាសម្ពាធឈាមឡើងខ្ពស់
៦. វាអាចត្រូវបានគ្រប់គ្រងនិងទប់ស្កាត់តាមរយៈរបៀបរស់នៅប្រចាំថ្ងៃ
ដើម្បីអាចគ្រប់គ្រង និងទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ អ្នកគួរ ៖
– រក្សាទម្ងន់រាងកាយត្រឹមត្រូវ់
– ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំ ៣០នាទីក្នុងមួយថ្ងៃ (ជាមធ្យម)
– កម្រិតការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ ក៏ដូចជាអាហារមានផ្ទុកជាតិខ្លាញ់ឆ្អែត ឬខ្លាញ់មិនល្អ។ បង្កើនការទទួលទានបន្លែផ្លែឈើជំនួសវិញ និងកុំភ្លេចចៀសវាងអាហារកែច្នៃ
– ចៀសវាងការប្រើប្រាស់ថ្នាំជក់ និងផ្ដាច់បារី ខណៈដែលវាអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង
– ពិនិត្យតាមដានកម្រិតនៃជាតិស្ករក្នុងឈាមជាប្រចាំ ប្រសិនបើអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺទឹកនោមផ្អែម។ កុំភ្លេចរក្សាឱ្យបាននូវសុខភាពជើង, ក្រលៀន, សសៃឈាម និងភ្នែកល្អប្រសើរផងដើម្បីទប់ស្កាត់ផលវិបាកគួរឱ្យបារម្ភផ្សេងៗ៕