ការលាងសម្អាតថ្លើម គឺសំខាន់ណាស់ ក៏ព្រោះរាងកាយបង្កើតជាតិពុល និងសារធាតុបង្កជំងឺមហារីក ជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ? ហើយអ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងទាំងអស់របស់យើង រួមទាំងថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងនូវអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីផ្ដល់សុខភាពល្អដល់ថ្លើម និងអាចសម្អាតថ្លើមបានតាមបែបធម្មជាតិ ៖
១. រមៀត
ជាគ្រឿងទេសល្អពេញនិយមបំផុតមួយនិងមានប្រសិទ្ធិភាពសម្អាតថ្លើមបានយ៉ាងប្រសើរ។ វាក៏ជួយសម្រួលដល់ការរំលាយជាតិខ្លាញ់ផងដែរ! រមៀតមានផ្ទុកសារធាតុ curcumin ដែលទទួលខុសត្រូវសម្រាប់ការផលិត glutathione S-transferase ដែលជួយថ្លើមបន្សាបជាតិពុល។ បន្ថែមពីនេះរមៀតអាចជួយបង្កើតឡើងវិញនូវកោសិកាដែលខូចខាតក្នុងថ្លើមផងដែរ។
២. បន្លែបៃតង
អាហារមួយប្រភេទទៀតដែលអ្នកចាំបាច់គួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃនោះ គឺបន្លែបៃតង។ នេះក៏ព្រោះតែបន្លែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិរ៉ែ ក៏ដូចជាអង់ស៊ីមដែលល្អបំផុតចំពោះសុខភាពថ្លើមនិងការបន្សាបជាតិពុល។
៣. តែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុ catechins ដែលជម្រុញការបំបែកជាតិខ្លាញ់នៅក្នុងថ្លើមទប់ស្កាត់បញ្ហាខ្លាញ់រុំថ្លើម។ លើសពីនេះទៅទៀត ការទទួលទានតែបៃតងជាប្រចាំក៏អាចព្យាបាល និងទប់ស្កាត់បញ្ហាថ្លើមផងដែរ។
៤. ផ្លែបឺរ
ផ្លែបឺរ គឺមានឥទ្ធិពលមិនគួរអោយជឿក្នុងការជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយវាក៏ធ្វើឱ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងផងដែរ។ ផ្លែបឺរ ក៏មានផ្ទុកសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរី និងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ហើយផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោម និងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៥. ផ្លែប៉ោម
ផ្លែប៉ោម មានផ្ទុកនូវសារធាតុចិញ្ចឹម និងសារធាតុរ៉ែល្អៗជាច្រើនសម្រាប់សុខភាពរួមបញ្ចូលទាំង វីតាមីន C, សារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី ដែលជួយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញ ដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ។ ព្យាយាមទទួលទានផ្លែប៉ោមមួយថ្ងៃ ១ ផ្លែ អ្នកអាចទទួលទានទឹកផ្លែប៉ោមក៏បាន ប៉ុន្តែកុំបន្ថែមស្ករ។
៦. គ្រាប់ធញ្ញជាតិវាល់ណឺត
គ្រាប់ធញ្ញជាតិនេះមានផ្ទុកនូវសារធាតុចិញ្ចឹមមានប្រយោជន៍ច្រើន ហើយក៏ល្អចំពោះការសម្អាតថ្លើមផងដែរ។ គ្រាប់វាល់ណឺតសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣, សារធាតុ glutathione និងធាតុចាំបាច់ច្រើនទៀត ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយធ្វើឲ្យថ្លើមមានសុខភាពល្អរឹងមាំ។ វាបញ្ចេញជាតិពុលគ្រោះថ្នាក់ទាំងអស់ចេញពីរាងកាយ។ ទោះជាយ៉ាងណា អ្នកមិនគួរបរិភោគវាច្រើនពេកឡើយ។
៧. មើមឆៃថាវក្រហម
មានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ក៏ដូចជាសារធាតុ flavonoids ដែលជួយគាំទ្រមុខងារថ្លើម។ បន្លែមើមនេះក៏ជួយលាងឈាមដែលល្អសម្រាប់សុខភាពរាងកាយទាំងមូលផងដែរ៕