គ្មាននារីរូបណាចង់មានសុដន់យារធ្លាក់ឡើយ! គួរធ្វើបែបណាទៅ? មិនពិបាកឡើយ! អ្នកចាំបាច់ត្រូវចៀសឱ្យផុត ឬបញ្ឈប់ទម្លាប់មួយចំនួនដូចដែលវេបសាយសុខភាព Health.com.kh បង្ហាញជូនដូចខាងក្រោម ៖
១. ការជក់បារី
ប្រសិនបើអ្នកគិតថាការជក់បារីប៉ះពាល់តែសួតនោះ គឺមិនត្រឹមត្រូវឡើយ! ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការជក់បារីអាចបង្កការបំផ្លាញដល់អេឡាស្ទីននៃស្បែកដែលនាំឱ្យស្បែកយារធ្លាក់និងមើលទៅជ្រីវជ្រួញចាស់ជាងវ័យ។
២. ទទួលទានគ្រឿងស្រវឹងច្រើនជ្រុល
ក្នុងកម្រិតមធ្យម គ្រឿងស្រវឹងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ទោះជាយ៉ាងណាក៏ដោយការទទួលទានច្រើនលើសកម្រិតអាចបង្កគ្រោះថ្នាក់ ឬផលវិបាកស្មានមិនដល់ជាច្រើន។ មិនត្រឹមតែថ្លើមនិងបេះដូងប៉ុណ្ណោះទេដែលរងហានិភ័យ ប៉ុន្តែការទទួលទានគ្រឿងស្រវឹងច្រើនអាចបណ្ដាលឱ្យសុដន់យារធ្លាក់ផងដែរ។ នេះក៏ព្រោះតែជាតិអាល់កុលបំផ្លាញកូឡាជែនដែលកាត់បន្ថយភាពតឹងណែននៃស្បែកលើសុដន់, ដើមទ្រូង និងកន្លែងផ្សេងទៀត។
៣. ត្រូវកម្ដៅថ្ងៃច្រើនពេក
ការត្រូវកម្ដៅថ្ងៃ ឬពន្លឺព្រះអាទិត្យច្រើនជ្រុលក៏អាចធ្វើឱ្យកូឡាជែនឆាប់ខូចខាតផងដែរ។ ក្រៅពីធ្វើឱ្យលេចឡើងនូវស្នាមខ្សែនិងស្នាមជ្រីវជ្រួញហើយនោះ កម្ដៅថ្ងៃអាចបណ្ដាលឱ្យសុដន់យារធ្លាក់គួរឱ្យកត់សម្គាល់។ ដូច្នេះការដែលប៉ះត្រូវពន្លឺព្រះអាទិត្យច្រើនពេកអាចជះផលអាក្រក់ច្រើនជាងល្អ។ ពន្លឺព្រះអាទិត្យលើសលប់អាចបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យនិងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ នេះហើយជាមូលហេតុដែលអ្នកគួរប្រើប្រាស់ឡេការពារស្បែកពីពន្លឺព្រះអាទិត្យដែលមានផ្ទុក SPF យ៉ាងហោចណាស់ ៣០ នៅពេលចេញក្រៅក្រោយម៉ោង ១០ ព្រឹកនិងមុនម៉ោង ៤ ល្ងាច។
៤. កង្វះលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ គឺល្អណាស់សម្រាប់ភាពរឹងមាំនៃសាច់ដុំរាងកាយ រួមបញ្ចូលទាំងសាច់ដុំនៅត្រង់តំបន់ដើមទ្រូង។ ដូច្នេះហើយទើបកង្វះការធ្វើលំហាត់ប្រាណអាចបណ្ដាលឱ្យសុដន់យារធ្លាក់។ ការពង្រឹងសាច់ដុំក្នុងតំបន់ដើមទ្រូង គឺជាវិធីដ៏ប្រសើរបំផុតមួយសម្រាប់ទប់ស្កាត់បញ្ហាសុដន់យារធ្លាក់។ ដូច្នេះដើម្បីជាការប្រសើរចូររួមបញ្ចូលលំហាត់ប្រាណណាមួយដែលសាកសមសម្រាប់សាច់ដុំទ្រូងក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ហើយអ្នកក៏ចាំបាច់គួរជ្រើសរើសប្រើប្រាស់អាវក្នុងសម្រាប់ពាក់ពេលហាត់កីឡាឱ្យបានត្រឹមត្រូវផង។
៥. ការពាក់អាវទ្រនាប់ ឬអាវក្នុងខុស
អាវទ្រនាប់ ឬអាវក្នុងចាស់ៗមិនអាចជួយទ្រសុដន់ និងដើមទ្រូងបានល្អឡើយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកុំធុញទ្រាន់នឹងស្វែងរកអាវក្នុងប្រភេទណាដែលជួយទ្រសុដន់ និងដើមទ្រូងរបស់អ្នកបានសាកសម ហើយស្រួលពាក់មិនរឹប ឬធូរពេក។
៦. ឥរិយាបថមិនល្អ
ទោះបីស្ថិតក្នុងវ័យទើបតែ ២០ ឬ ៣០ឆ្នាំក៏ដោយ ក៏ដើមទ្រូវរបស់អ្នកអាចយារធ្លាក់មិនស្អាតដែរ ប្រសិនបើមានឥរិយាបថមិនល្អ។ ឥរិយាបថនៃការឈរ ឬអង្គុយសុទ្ធតែអាចជះឥទ្ធិពលលើដើមទ្រូងរបស់អ្នកពីមួយពេលទៅមួយពេល។ ដូច្នេះដើម្បីជាការប្រសើរមិនថាពេលឈរ ឬអង្គុយនោះទេ គឺត្រូវតែត្រង់ខ្លួន៕