មនុស្សជាច្រើនអាចជួបបញ្ហាត្រូវភ្ញាក់ពីព្រលឹមប្រញាប់ទៅធ្វើការ ប្រញាប់ទៅរៀន ប៉ុន្តែភ្ញាក់មកហើយនៅតែងងុយ សុំគេងថែម ៥ នាទីទៀត មានអារម្មណ៍អស់កម្លាំង មុខមិនស្រស់ថ្លា។ ពេលនេះយើងមានវិធី ៥ យ៉ាង ក្រោកពីគេងហើយមិនងងុយ មានអារម្មណ៍ស្រស់ស្រាយរៀងរាល់ព្រឹក។
១. ផ្លាស់ប្តូរសំឡេងនាឡិការោទិ៍ សំឡេងរោទិ៍របស់នាឡិកាទូទៅ អាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អព្រោះការរំខាន។ លើសពីនេះយើងនៅតែចុចបិទហើយចូលគេងត។ សាកប្តូរសំឡេងរោទិ៍ទៅជាសំឡេងភ្លេងដែលយើងចូលចិត្ត ភ្លេងកន្ត្រាក់អារម្មណ៍ ឬសម្លេងធម្មជាតិ ដូចជាសម្លេងបក្សី សម្លេងទឹកជ្រោះដែលធ្វើអោយយើងមានអារម្មណ៍ល្អ។
២. ទទួលពន្លឺព្រះអាទិត្យនាពេលព្រឹក ពន្លឺដ៏ស្រទន់នាពេលព្រឹក ធ្វើឲ្យខួរក្បាលរបស់យើងស្រស់ថ្លា ព្រោះការទទួលពន្លឺព្រះអាទិត្យ នាពេលព្រឹកនឹងជួយភ្ញោចអរម៉ូនធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ហើយវាក៏ជួយយើង ឲ្យយើងមានក្តីសុខផងដែរ។ សាកក្រោកមកទទួលពន្លឺព្រះអាទិត្យពេលព្រឹកមើលណា។
៣. ផឹកទឹកភ្លាមបន្ទាប់ពីភ្ញាក់ពីគេង ការផឹកទឹកមួយកែវក្រោយពីភ្ញាក់ពីគេងភ្លាមជួយឲ្យរាងកាយស្រស់ស្រាយនិងមានអារម្មណ៍ស្រស់ថ្លា ប្រៀបដូចជាការបន្ថែមថាមពលដល់ខួរក្បាលរបស់យើងឲ្យធ្វើការកាន់តែមានប្រសិទ្ធភាព ថែមទាំងជួយដល់ ការបន្ទោបង់ និងធ្វើឲ្យស្បែករបស់យើងភ្លឺស្រស់ស្អាតផងដែរ។
៤. បន្ថែមថាមពលជាមួយអាហារពេលព្រឹក អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតក៏ថាបាន ការទទួលទានអាហារពេលព្រឹក ធ្វើឲ្យរាងកាយ មានថាមពល មានកម្លាំងដើម្បីធ្វើសកម្មភាពប្រចាំថ្ងៃ សារធាតុអាហារដូចជាពពួកស្ករក្នុងអាហារពេលព្រឹក ក៏ជួយឲ្យយើងមានអារម្មណ៍ល្អនិងមានក្តីសុខពេញមួយថ្ងៃតែម្តង។
៥. ស្តាប់ចម្រៀងដែលអ្នកចូលចិត្ត ការក្រោកពីព្រលឹមហើយស្តាប់ចម្រៀងដែលយើងចូលចិត្តនឹងធ្វើឲ្យយើងមានអារម្មណ៍ល្អ។ ការស្តាប់ចម្រៀងដែលយើងចូលចិត្តឬចម្រៀងដែលមានភាពរីករាយអាចធ្វើឲ្យរាងកាយរបស់យើងមានអារម្មណ៍ស្រស់ស្រាយ មានអារម្មណ៍ល្អ វាក៏ជំនួយជួយធ្វើឲ្យព្រឹកនោះស្រស់ស្រាយខ្លាំងឡើង។