បញ្ហាស្បែកកៀនច្រមុះរបកមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់ការរបកស្បែកកៀនច្រមុះយ៉ាងឆាប់រហ័ស ៖
១. ផ្លាស់ប្ដូរហ្វូមលាងសម្អាតមុខ
ភាគច្រើនបញ្ហារបកស្បែកកៀនៗច្រមុះអាចបណ្ដាលឱ្យពីការប្រើប្រាស់ហ្វូមលាងសម្អាតមុខដែលមានផ្ទុកសារធាតុកម្រិតខ្លាំងៗដែលអាចធ្វើឱ្យស្បែកប្រែជាស្ងួត។ ជាពិសេសប្រសិនបើអ្នកប្រើប្រាស់លើសកម្រិត ឬញឹកញាប់ពេក។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសប្រើប្រាស់ហ្វូមលាងមុខដែលមានផ្សំឡើងពីគ្រឿងផ្សំធម្មជាតិជំនួសឱ្យផលិតផលដែលមានផ្ទុកសារធាតុគីមីច្រើន ឬកម្រិតខ្លាំង។ ហើយអ្នកក៏មិនគួរលាងសម្អាតមុខលើសពី ២ដងក្នុងមួយថ្ងៃឡើយ។
២. លាបប្រេងដូងឱ្យបានទៀងទាត់
ប្រសិនបើអ្នកចំណាយពេលច្រើនស្ថិតក្នុងកន្លែងដែលបើកម៉ាស៊ីនត្រជាក់ នោះវាមិនចំលែកទេដែលស្បែកកៀនៗច្រមុះប្រែជារបកៗមើលទៅដូចមានអង្គែជាប់ច្រមុះ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាបប្រេងដូងបន្តិចជុំវិញច្រមុះដើម្បីរក្សាសំណើមស្បែក។ កុំភ្លេចលាបនៅមុនពេលចូលគេង ក្រោយពេលលាងសម្អាតគ្រឿងសម្អាងចេញអស់ផង។
៣. ប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើ
ប្រសិនបើស្បែកកៀនច្រមុះស្ងួតខ្លាំង និងផ្ដល់ភាពមិនស្រួលនោះអ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើស្រស់ៗលាបលើកន្លែងដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ ដើម្បីឆាប់ជាសះស្បើយ។
៤. កុំរំលងទឹកដោះគោស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកដោះគោស្រស់ៗលើកន្លែងដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។ អ្នកក៏អាចប្រើប្រាស់យ៉ាអួរសុទ្ធបានដូចគ្នាដែរ។
៥. សាកល្បងទឹកត្រសក់ស្រស់ៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំត្រសក់ដើម្បីយកទឹកស្រស់ៗលាបជុំវិញច្រមុះ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា និងអនុវត្តឱ្យបានរាល់ព្រឹក៕