កត្តាមួយចំនួនអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទង្វើដែលអ្នកគួរចៀសវាងដើម្បីរក្សាភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយ ៖
១. មិនទទួលទានបន្លែផ្លែឈើបានច្រើនគ្រប់គ្រាន់
ជាតិសសៃក្នុងបន្លែផ្លែឈើជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានបន្លែទេនោះសុខភាពពោះវៀននឹងចុះខ្សោយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យបារម្ភច្រើនផ្សេងទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាសុខភាពមួយដែលផ្សារភ្ជាប់នឹងសុខភាពពោះវៀនចុះខ្សោយ គឺប្រព័ន្ធភាពស៊ាំរាងកាយ។ នៅពេលបិរមាណនៃបាក់តេរីមិនល្អកើនឡើងខ្ពស់នោះវានឹងជះឥទ្ធិពលលើប្រព័ន្ធភាពស៊ាំរាងកាយនាំឱ្យចុះខ្សោយ។
២. ស្ត្រេស
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏ជះផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយដែលធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗផងដែរ។ នៅពេលតានតឹងក្នុងអារម្មណ៍ខ្លាំងខួរក្បាលនឹងផលិតអ័រម៉ូនស្ត្រេស cortisol កាន់តែច្រើនឡើងដែលជះឥទ្ធិពលដល់មុខងារនៃកោសិកា T ចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងរោគឆ្លង។
៣. ត្រូវពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃច្រើនពេក
នេះក៏ព្រោះតែការប៉ះត្រូវកាំរស្មីយូវីពីព្រះអាទិត្យច្រើនពេលអាចបង្កបញ្ហា oxidative stress ដែលអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ។ បន្ថែមពីនេះការស្ថិតក្រោមកម្ដៅថ្ងៃច្រើនពេកក៏ពន្លឿនដំណើរការនៃភាពចាស់របស់ស្បែក និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។
៤. ទទួលទានគ្រឿងស្រវឹងលើសកម្រិត
ការទទួលទានគ្រឿងស្រវឹងលើសពី ១ កែវសម្រាប់នារីនិង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពប្រព័ន្ធភាពស៊ាំដោយកោសិកាគ្រាប់ឈាមសថយចុះ។ នៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយអ្នកប្រាកដជាប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគផ្សេងៗ។
៥. គេងមិនបានគ្រប់គ្រាន់
ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ជាប្រចាំនោះអ្នកប្រាកដជាសម្គាល់ឃើញថាខ្លួនឯងងាយនឹងកើតជំងឺផ្ដាសាយ។ នេះក៏ព្រោះតែប្រព័ន្ធភាពស៊ាំរាងកាយចាប់ផ្ដើមចុះខ្សោយ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ចូរព្យាយាមគេងឱ្យបានស្កប់គ្រប់គ្រាន់៕
៦. ការធ្វើលំហាត់ប្រាណច្រើនលើសតម្រូវការ
ពិតណាស់ការធ្វើលំហាត់ប្រាណអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ជាច្រើនចំពោះសុខភាពរាងកាយនិងផ្លូវចិត្ត ជាពិសេសជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ទោះជាយ៉ាងណាការធ្វើលំហាត់ប្រាណលើសពីតម្រូវការចាំបាច់អាចផ្ដល់ផលផ្ទុយមកវិញ។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថា អ្នកជ្រើសរើសធ្វើលំហាត់ប្រានពីកម្រិតស្រាលទៅមធ្យមដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ព្រមទាំងកាត់បន្ថយហានិភ័យនៃការរងរបួសផងដែរ៕