ហេតុអ្វីទើបអ្នកមិនគួរគេងភ្លាមៗ ក្រោយពេលទទួលទានអាហារ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើទោះជាការគេង និងការទទួលទានអាហារ គឺសំខាន់ចំពោះសុខភាព ក៏ដូចជាក្នុងការទ្រទ្រង់ជីវិតក៏ដោយ ប៉ុន្តែការគេងភ្លាមៗ ក្រោយពេលទទួលទានអាហារពេលថ្ងៃត្រង់ ឬល្ងាច នោះអាចនឹងផ្ដល់នូវប៉ះពាល់ធ្ងន់ធ្ងរមួយចំពោះសុខភាពបានគួរឲ្យព្រួយបារម្ភ។ ចន្លោះពេលដ៏សមស្របបំផុតនៃការទទួលទានអាហារ និងការគេង គឺគម្លាតពី ២ ទៅ ៣ ម៉ោង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីបញ្ហាសុខភាពដែលនឹងកើតឡើង ប្រសិនបើអ្នកបន្តទម្លាប់គេងភ្លាមៗ ក្រោយពេលទទួលទានអាហារ ៖
១. ឡើងទម្ងន់
ការគេងភ្លាម ក្រោយពេលទទួលទានអាហារ គឺអាចបណ្ដាលឲ្យឡើងទម្ងន់។ ដើម្បីរក្សាបាននូវទម្ងន់សមតុល្យ វាចាំបាច់ក្នុងការដុតបំផ្លាញកាឡូរី ប៉ុន្តែនៅពេលយើងគេងភ្លាមៗ បន្ទាប់ពីអាហារថ្ងៃត្រង់នោះការដុតបំផ្លាញកាឡូរី គឺមិនអាចកើតឡើងបានឡើយ។ ផ្ទុយទៅវិញ កាឡូរីទាំងអស់ គឺត្រូវស្ដុកទុកក្នុងរាងកាយ។ ប្រសិនបើអ្នកបន្តអនុវត្តន៍ទម្លាប់មិនល្អនេះយូរទៅ អ្នកនឹងជួបប្រទះនូវបញ្ហានៃការឡើងទម្ងន់យ៉ាងខ្លាំង។
២. ពិបាកក្នុងការរំលាយអាហារ
ជាធម្មតា យើងតម្រេតខ្នងគេងផ្ងារ ឬបែរទៅម្ខាង បន្ទាប់ពីទទួលទាន។ ក្នុងទីតាំងបែបនេះ ឳកាសដែលទឹកអាស៊ីតក្រពះហូរត្រឡប់ទៅកាន់បំពង់អាហារវិញ គឺមានខ្ពស់ណាស់ ហើយវានឹងបង្កឲ្យមានការផលិតអាស៊ីតលើសកម្រិត។ ដំណើរការនេះអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវបញ្ហាក្រហាយទ្រូង ហើយក៏រំខានដល់ការគេងផងដែរ។
៣. បង្កើនជាតិអាស៊ីត
នៅពេលអាហារចួលដល់ក្នុងប្រព័ន្ធរំលាយអាហារ ការបញ្ចេញទឹកអាស៊ីតនឹងចាប់ផ្ដើមឡើង។ ការគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារ គឺនឹងធ្វើឲ្យអាស៊ីត និងអាហារហូរត្រឡប់ទៅក្នុងបំពង់អាហារវិញដែលបណ្ដាលឲ្យមានជំងឺច្រាលទឹកអាស៊ីតក្រពះ។
៤. បង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា គម្លាតពេលរាល់ ២០ នាទី នៃការគេង និងការទទួលទាន កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលដល់ទៅ ២០ ភាគរយ។នៅពេលយើងគេងភ្លាម ក្រោយពេលអាហារ ប្រព័ន្ធរំលាយអាហាររបស់យើងត្រូវទទួលបន្ទុកធ្វើការបន្ថែមដើម្បីបំពេញដំណើរការនៃការរំលាយអាហារ។ នេះអាចជះឥទ្ធិពលដល់ការកើនឡើងនៃជាតិស្ករនៅក្នុងឈាម និងសម្ពាធឈាមឡើងខ្ពស់ដែលវាអាចនាំឲ្យមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
៥. រំខានដល់ដំណេក
ការទទួលទានអាហារច្រើន យ៉ាងហោចណាស់ត្រូវការពេលពី ២ ទៅ ៣ ម៉ោង ដើម្បីរំលាយ ដូច្នេះវាត្រូវតែមានចន្លោះម៉ោងរវាងការទទួលទាន និងការគេង។ បើមិនដូច្នោះទេ វាអាចបណ្ដាលឲ្យឈឺពោះដោយសារតែការរំលាយអាហារ ហើយនាំឲ្យគេងមិនលក់៕