រាជធានីភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( ស៊ីណូវ៉ាក់) ចំនួន៣លានដូសបន្ថែមទៀតដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងឱកាស អញ្ជើញបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិននឹងដឹកមកដល់កម្ពុជាចំនួន ៣លានដូស ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ ២០២១ នឹងមកដល់ ៣លានដូសទៀត ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ក្រៅពីបញ្ជាទិញពីវ៉ាក់សាំងពីចិន រដ្ឋាភិបាលចិនក៏បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន ៣លានដូសផងដែរ តាមរយៈឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។

ដូចច្នេះ ក្នុងខែកញ្ញា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃ ទាំងការបញ្ជាទិញ និងជំនួយសរុបចំនួន ៩លានដូស៕