ស្បែកជាញឹកញយត្រូវប៉ះផ្ទាល់នឹងកម្ដៅថ្ងៃ ខ្យល់ ធូលី និងភាពកខ្វក់ផ្សេងៗ ព្រមទាំងកត្តាបរិស្ថានជុំវិញដែលអាចនាំឱ្យស្រអាប់និងស្ងួត។ នៅពេលបញ្ហានេះកើតឡើងសញ្ញានៃភាពចាស់តាមវ័យនៃស្បែកនឹងលេចឡើងជុំវិញភ្នែក មាត់ និងសូម្បីតែថ្ងាស។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលអ្នកគួរអនុវត្តមុនគេងដើម្បីពន្យឺតសញ្ញានៃភាពចាស់តាមវ័យ ៖
១. លាងសម្អាតគ្រឿងសម្អាងមុខចេញ
ទោះបីអ្នកអស់កម្លាំងយ៉ាងណាក៏ដោយ អ្នកចាំបាច់ត្រូវលាងសម្អាតគ្រឿងតុបតែង ឬគ្រឿងសម្អាងចេញឱ្យអស់ពីស្បែកមុខមុខពេលចូលគេង។ ដឹងទេ? នៅពេលដែលអ្នកគេង គឺស្បែកនឹងចាប់ផ្ដើមជួសជុលខ្លួនឯង ហើយនៅពេលយប់រន្ធញើសក៏ត្រូវបើកឡើងផងដែរ។ ប្រសិនបើអ្នកមិនលាងជម្រះគ្រឿងសម្អាងចេញទេ នោះរន្ធញើសនឹងប្រែជាស្ទះបង្កការរលាកនិងឡើងស្នាមជាំ។ ការសម្អាតគ្រឿងសម្អាងចេញពីស្បែកមុខអាចទប់ស្កាត់បញ្ហាស្ទះរន្ធញើស។ អ្នកអាចប្រើប្រាស់បន្ទះសំឡីជាមួយប្រេងអូលីវ ឬប្រេងដូងធម្មជាតិសម្រាប់ជូតសម្អាតគ្រឿងសម្អាងពីលើផ្ទៃមុខ ពិសេសលើតំបកភ្នែក។ បន្ទាប់មកប្រើប្រាស់សាប៊ូកម្រិតស្រាល ឬធម្មជាតិលាងសម្អាតស្បែកមុខចេញជាការស្រេច។ អ្នកគួរលាងសម្អាតស្បែកមុខតែ ២ ដងក្នុងមួយថ្ងៃបានហើយ គឺនៅពេលព្រឹកនិងមុនពេលចូលគេង។
២. ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក
ការប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក គឺចាំបាច់ណាស់នៅមុនពេលអ្នកចូលគេងដោយស្បែកនឹងជួសជុលខ្លួនឯងកំឡុងពេលនេះ។ ដើម្បីរក្សាបាននូវស្បែកដែលមានទៅក្មេងជាងវ័យនិងមានសុខភាពល្អ ចូរជ្រើសរើសប្រើប្រាស់គ្រីមលាបផ្ដល់សំណើមដល់ស្បែកនៅពេលយប់ដែលមានផ្ទុកអាស៊ីត hyaluronic ដោយសារធាតុនេះនឹងជួយទប់ស្កាត់បញ្ហានៃភាពចាស់តាមវ័យនៃស្បែក។
៣. ត្រឡប់ខ្នើយ
ប្រសិនបើចង់រក្សាបាននូវស្បែកដែលគ្មានស្នាមជ្រីវជ្រួញនិងរោគមុន ចូរជ្រើសរើសប្រើប្រាស់ស្រោមខ្នើយធ្វើឡើងពីសូត្រ និងឧស្សាហ៍ត្រឡប់ខ្នើយមុនគេងជាប្រចាំ។ ការធ្វើបែបនេះជួយឱ្យធូលី ឬភាពកខ្វក់ដែលជាប់លើខ្នើយជ្រុះចេញ។ ប៉ុន្តែដើម្បីជាការប្រសើរ ចូរព្យាយាមគេងផ្ងារ។ អ្នកក៏ចាំបាច់ត្រូវសម្អាតស្រោមខ្នើយជាប្រចាំផងដែរ ដោយកោសិកាស្បែកងាប់ៗ ទឹកមាត់ និងធូលីដី អាចធ្វើឱ្យខ្នើយនិងស្រោមខ្នើយមានភាពកខ្វក់ជាប្រភពនៃពពួកបាក់តេរី។ ដូច្នេះត្រូវប្រាកដថាអ្នកបានបោកសម្អាតស្រោមខ្នើយរាល់ ២ សប្តាហ៍ម្ដង និងបោកសម្អាតខ្នើយឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយឆ្នាំដើម្បីឱ្យស្បែករក្សាបាននូវសុខភាពល្អ។ កុំភ្លេចហាលខ្នើយឱ្យស្ងួត សឹមយកមកប្រើប្រាស់ដើម្បីទប់ស្កាត់ការឡើងផ្សិត។
៤. កុំភ្លេចប្រើ Toner
ទម្លាប់ដ៏ល្អមួយទៀតដើម្បីប្រឆាំងភាពចាស់តាមវ័យនៃស្បែកនោះ គឺអ្នកគួរប្រើប្រាស់ទឹក Toner។ ផលិតផលសម្រស់នេះជួយរក្សាតុល្យភាព pH នៃស្បែកដើម្បីប្រឆាំងការឆ្លងមេរោគផ្សេងៗដែលអាចនាំឱ្យស្បែករងគ្រោះ។ បន្ថែមពីនេះទឹក Toner ក៏ជួយកម្ចាត់ភាពកខ្វក់ចេញពីផ្ទៃនៃស្បែកផងដែរ។
៥. កុំទទួលទានពេលយប់
អាហារសម្រន់កណ្ដាលអាធ្រាត្រអាចជះផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាពស្បែកទប់ស្កាត់កូឡាជែនក្នុងការបំពេញមុខងារ ជាពិសេសនៅពេលអ្នកជ្រើសរើសញ៊ាំរបស់ផ្អែមៗ ឬមានផ្ទុកជាតិស្ករខ្ពស់៕