រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីបិណ្ឌទី៤ ដល់ភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ខណៈពេលដែលរយៈពេល២ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ រកឃើញករណីវិជ្ជមាននៅតាមវត្តអារាមនានាមួយចំនួន។
ការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងរយៈពេល២ ថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌដែលមិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន ។
ទន្ទឹមនោះដែរ ទោះបីជាផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏សម្តេចតេជោបានរក្សាការឈប់សម្រាករយៈពេល៣ ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយ អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់ មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ៕