កំឡុងពេលមានផ្ទៃពោះ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ស្ត្រីដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជៀសមិនផុតពីការអនុវត្តតាមបញ្ជា និងការណែនាំជាច្រើនដើម្បីប្រាកដថាអាចសម្រាលបានជោគជ័យឡើយ។ ការរឹងបន្តឹងរបបអាហារ គឺជាចំណុចចម្បងមួយដែលស្ត្រីព្រួយបារម្ភកំឡុងពេលមានផ្ទៃពោះ។ ថ្វីត្បិតតែស្ត្រីមានផ្ទៃពោះត្រូវបានហាមមិនឱ្យទទួលទានអាហារជាច្រើនប្រភេទក៏ដោយ ក៏នៅមានអាហារមួយប្រភេទដែលអ្នកអាចទទួលទានបានដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលមានផ្ទៃពោះ និងថែមទាំងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទៀតផង។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលស្ត្រីគួរទទួលទានកំឡុងពេលមានផ្ទៃពោះ ៖
១. ត្រីសាលម៉ុន
នៅចុងត្រីមាសដំបូងខួរក្បាលរបស់ទារកចាប់ផ្ដើមលូតលាស់អភិវឌ្ឍកាន់តែលឿនជាងផ្នែកដទៃទៀតនៃរាងកាយ។ ដូច្នេះការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និង DHA គឺសំខាន់ណាស់ដើម្បីផ្ដល់សារធាតុចិញ្ចឹមចាំបាច់បន្ថែមជួយក្នុងដំណើរការនេះ។ ហើយត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់អូមេហ្គា ៣ និងDHA។ អ្នកអាចចម្អិនត្រីសាលម៉ុនមុនទទួលទាន។ ត្រីសាលម៉ុនមានផ្ទុកជាតិបារ៉តទាប ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានលើសពី ២ ដងក្នុងមួយសប្តាហ៍ និងញ៊ាំច្រើនលើសកម្រិតឡើយ។
២. ស៊ុត
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការ។ លើសពីនេះទៅទៀត ស៊ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ choline និង Folic acid ដែលសំខាន់ជួយការអភិវឌ្ឍខួរក្បាល និងឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ។ ការទទួលទានអាហារមានផ្ទុកសារធាតុ choline គ្រប់គ្រាន់កំឡុងពេលមានផ្ទៃពោះក៏ជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសសៃប្រសាទរបស់ទារកផងដែរ។
៣. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម សារធាតុ Folate ជាតិសសៃ ជាតិដែក ប៉ូតាស្យូម វីតាមីន A វីតាមីន C និងវីតាមីន K។ ហើយពិតណាស់ការទទួលទានបន្លែបៃតងអាចជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ ព្រមទាំងអាការៈទល់លាមកដែលកើតឡើងកំឡុងពេលមានផ្ទៃពោះបានយ៉ាងប្រសើរ។
៤. សាច់គ្មានខ្លាញ់
សាច់គ្មានខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនគុណភាពខ្ពស់។ លើសពីនេះទៅទៀតសាច់ប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែកដែលរាងកាយត្រូវការចាំបាច់កំឡុងពេលមានផ្ទៃពោះ។
៥. យ៉ាអួរ Greek
មានផ្ទុកប្រូតេអ៊ីន និងកាល់ស្យូមខ្ពស់ជាងយ៉ាអួរប្រភេទដទៃទៀតដែលល្អណាស់សម្រាប់ពង្រឹងសុខភាពឆ្អឹង និងក្នុងកំឡុងពេលមានផ្ទៃពោះ។ ទាំងទារកក្នុងផ្ទៃ និងម្ដាយសុទ្ធតែអាចទទួលបានអត្ថប្រយោជន៍យ៉ាងប្រសើរពីការទទួលទានយ៉ាអួរ Greek។
៦. ផ្លែបឺរ
ផ្លែបឺរ មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ ជាតិ folate និងប៉ូតាស្យូម ដែលធ្វើអោយវាក្លាយជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ស្ត្រីមានផ្ទៃពោះ។ ជាតិខ្លាញ់ល្អៗជួយបង្កើនសុខភាពស្បែក ខួរក្បាលនិងជាលិការបស់ទារក។ ជាតិ folate ទប់ស្កាត់ការវិវឌ្ឍទៅជាបញ្ហាសសៃប្រសាទ។ ហើយជាតិប៉ូតាស្យូមវិញ គឺជួយបំបាត់អាការៈរមួលក្រពើ៕