រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សូមការយោគយល់ពីជនរួមជាតិ ចំពោះការសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរ ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីរបស់ខ្មែរណាមួយនោះឡើយ តែក្នុងឱកាសនេះត្រូវចាត់វិធានការទាំងឡាយជាដាច់ខាត ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ។
សារសំឡេងបន្ទាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា ក្រោយក្រុមគ្រូពេទ្យយកសំណាក នៅតាមវត្តនានា ក្នុងរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញថា វត្តស្ទើរតែពាក់កណ្តាលបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីនានានោះទេ ក៏ប៉ុន្តែយើងត្រូវឆ្លងដំណាក់កាលនេះឱ្យបាន ។ វាលនេះ គឺជាវាលដ៏ធំ គឺការឆ្លងកាត់វាល៣នេះ នេះហើយជាវាលទី៣ គឺវាលជំងឺរាតត្បាត ដែលប្រជាជនយើងត្រូវឆ្លងកាត់ឱ្យខាងតែបាន»។
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ដែរថា សម្តេចពិតជាចង់ធ្វើបុណ្យធ្វើទាន តែបើពិធីនេះធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋមិនអាចធ្វើទៅបាននោះឡើយ ។ សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរក្សាជីវិតឱ្យបាន គឺជារឿងដ៏ចាំបាច់បំផុត បើរក្សាជីវិតបានមិនខ្វះពេលធ្វើបុណ្យទាននោះឡើយ។
ជាងនេះផងដែរ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «បញ្ហាមានធ្ងន់មានស្រាល តែបញ្ហាអាយុជីវិត និងសុខភាពប្រជាជនជាបញ្ហាអាទិភាពខ្ពស់បំផុត។ ការពារជីវិតបាន មានពេលវេលាច្រើនណាស់ ដើម្បីនឹងធ្វើបុណ្យធ្វើទានតទៅទៀត ប្រសិនបើយើងស្លាប់ដោយសារកូវីដ១៩ គឺយើងគ្មានឱកាសធ្វើបុណ្យទេ។ ទំនួញប្រែតពេលភ្ជុំ គឺពិតជាធ្វើឱ្យយើងចង់ទៅវត្ត តែបើទៅវត្តដើម្បីនាំជំងឺ ឬនាំជំងឺទៅវត្តអារាម វាមិនមែនជាជម្រើសដ៏ល្អនោះទេ» ៕