មនុស្សភាគច្រើនគិតថា ការទទួលទានអំបិល ឬអាហារមានជាតិប្រៃច្រើនពេក គឺមិនល្អតែចំពោះរូបរាងប៉ុណ្ណោះដោយវាបណ្ដាលឱ្យហើម។ ទោះជាយ៉ាងណា ការទទួលទានប្រៃអាចបង្កសុខភាពយ៉ាងច្រើនគួរឱ្យព្រួយបារម្ភដូចជា ជំងឺលើសសម្ពាធឈាម, បញ្ហាតម្រងនោម, ជំងឺពុកឆ្អឹង, ជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាលជាដើម! នោះហើយទើបការបន្សាបជាតិប្រៃចេញពីរាងកាយជាគំនិតដ៏ប្រសើរបំផុតមួយទប់ស្កាត់ជំងឺផ្សេងៗដែលអាចនឹងកើតឡើងក្រោយការទទួលទានអំបិល ឬអាហារមានជាតិប្រៃច្រើន។ ប៉ុន្តែថាតើគួរធ្វើបែបណាទៅទើបអាចបន្សាប ឬកម្ចាត់ជាតិប្រៃចេញពីប្រព័ន្ធរាងកាយបាន? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបន្សាប ឬកម្ចាត់ជាតិប្រៃពីរាងកាយ ៖
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
គ្រាន់តែទទួលទានទឹកធម្មតាប្រមាណ ២ លីត្រក្នុងមួយថ្ងៃ ក៏មានប្រសិទ្ធិភាពជួយកម្ចាត់ ឬបន្សាបជាតិប្រៃ និងសារធាតុរាវដែលលើសចេញពីរាងកាយបានដែរ។ វេជ្ជបណ្ឌិតជាច្រើននិយាយថា ប្រសិនបើអ្នកព្យាយាមមិនបរិភោគទឹកនៅពេលកំពុងទទួលរងអាការៈហើមប៉ុណ្ណា នោះរាងកាយនឹងរក្សាទុកសារធាតុរាវដែលលើសកាន់តែច្រើនប៉ុននោះដែរ។ ដូច្នេះកុំភ្លេចទទួលទានឱ្យសោះ!
២. បង្កើនការទទួលទានអាហារសម្បូរប៉ូតាស្យូម
បន្លែ និងផ្លែឈើភាគច្រើន គឺមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម ហើយជាតរ៉ែនេះទទួលខុសត្រូវក្នុងការបន្សាបជាតិប្រៃដែលលើសក្នុងរាងកាយ។ ជាតិប៉ូតាស្យូមក៏ជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ដោយសារការទទួលទានប្រៃច្រើនពេកផងដែរ។
៣. រក្សាភាពសកម្មនៃរាងកាយ
តើអ្នកធ្លាប់ដឹងឬអត់ថាការធ្វើសកម្មភាពរាងកាយជាប្រចាំអាចកម្ចាត់ជាតិប្រៃដែលលើសចេញពីក្នុងប្រព័ន្ធរាងកាយបានយ៉ាងមានប្រសិទ្ធិភាព? យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ការធ្វើលំហាត់ប្រាណរាល់ថ្ងៃមិនត្រឹមតែជួយរក្សាចរន្តឈាមរត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ ជួយជម្រុញឱ្យស្បែក រួមទាំងតម្រងនោមអាចកម្ចាត់ជាតិប្រៃដែលលើសបានផងដែរ។
៤. កាត់បន្ថយ ឬកម្រិតការទទួលទានអាហារមានផ្ទុកសូដ្យូមខ្ពស់
សម្រាប់បុគ្គលពេញវ័យមិនគួរទទួលទានអាហារមានផ្ទុកសូដ្យូមលើសពី ២៣០០មីលីក្រាមក្នុងមួយថ្ងៃឡើយដែលមានន័យថាអ្នកគួរញ៊ាំឱ្យតិចជាងនេះទើបប្រសើរ។
៥. ទទួលទានអាហារសម្បូរជាតិទឹក
ដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយនិងកាត់បន្ថយជាតិប្រៃ ឬសូដ្យូមក្នុងរាងកាយ អ្នកក៏ចាំបាច់គួរព្យាយាមទទួលទាននិងរួមបញ្ចូលអាហារសម្បូរជាតិទឹកក្នុងរបបអាហារប្រចាំថ្ងៃផងដែរ៕