កំពុងប្រឈមមុខនឹងបញ្ហាឈឺក្បាលដោយសារបញ្ហាអ័រម៉ូនមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗចំនួន ៥ ទប់ទល់បញ្ហានេះ ៖
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
កង្វះជាតិទឹកក្នុងរាងកាយមិនត្រឹមតែបង្កអាការៈឈឺក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាចម្បងមួយដែលនាំឱ្យអាការៈឈឺក្បាលដោយសារអ័រម៉ូនកាន់តែធ្ងន់ធ្ងរឡើងផងដែរ។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថា អ្នកបានទទួលទានទឹកគ្រប់គ្រាន់ប្រមាណ ២លីត្រក្នុងមួយថ្ងៃជាប្រចាំ។
២. កាត់បន្ថយទទួលទានស្ករ
ដើម្បីកាត់បន្ថយអាការៈឈឺក្បាលដោយសារបញ្ហាអ័រម៉ូន ចូរកម្រិតការទទួលទានអាហារនិងភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់។
៣. បង្កើនការទទួលទានត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B2 ដែលមានប្រសិទ្ធភាពព្យាបាលទប់ស្កាត់អាការៈឈឺក្បាលគ្រប់ប្រភេទ រួមទាំងបញ្ហាឈឺក្បាលដោយសារអ័រម៉ូនតាមរយៈការរក្សាកម្រិតប្រក្រតីនៃអ័រម៉ូន។
៤. កាត់បន្ថយស្ត្រេស
នេះក៏ព្រោះតែស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ជាកត្តាចម្បងមួយដែលបង្កបញ្ហាអតុល្យភាពអ័រម៉ូននាំឱ្យបញ្ហាឈឺក្បាលដោយសារអ័រម៉ូនកាន់តែធ្ងន់ធ្ងរឡើង។
៥. បង្កើនការទទួលទានបន្លែបៃតង
អ្នកក៏អាចចៀសផុតអាការៈឈឺក្បាលដោយសារបញ្ហាអ័រម៉ូនតាមរយៈបរិមាណខ្ពស់នៃម៉ាញ៉េស្យូមនិងជាតិសសៃពីបន្លែបៃតង៕