បញ្ហាជំងឺសើស្បែកត្រអកលើបាតដៃ? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះទប់ទល់ ៖
១. លាបប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងសុទ្ធបន្តិចឱ្យបានទៀងទាត់លើបាតដៃ ជាពិសេសក្រោយពេលលាងសម្អាតដៃ ឬងូតទឹករួច។ ទោះជាយ៉ាងណាត្រូវប្រាកដថា អ្នកជ្រើសរើសប្រើប្រាស់ប្រេងដូងដែលគ្មានផ្ទុកសារធាតុគីមី ឬប្រេងដូងសរីរាង្គទើបប្រសើរ។
២. ម៉ាស្សាជាមួយជែលប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើបាតដៃ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ប្រសិនបើអ្នកមិនមានជែលប្រទាលកន្ទុយក្រពើទេនោះ អ្នកអាចប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើស្រស់សុទ្ធ ១០០ជំនួសក៏បាន។
៣. បង្កើនការទទួលទានអាហារមានផ្ទុកប្រូបាយអូទិក
អាហារប្រូបាយអូទិកដូចជាយ៉ាអួរជាដើម គឺល្អណាស់សម្រាប់បង្កើនបរិមាណនៃបាក់តេរីល្អៗក្នុងពោះវៀន និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ជាលទ្ធផលជួយកាត់បន្ថយអាការៈនៃជំងឺត្រអក ឬប្រតិកម្មអាឡែកស៊ី។
៤. រួមបញ្ចូលផ្លែល្ហុងក្នុងរបបអាហារ
មានសមត្ថភាពគ្រប់គ្រងការរលាកក្នុងរាងកាយ ផ្លែល្ហុង គឺល្អណាស់សម្រាប់រួមបញ្ចូលក្នុងរបបអាហារអ្នកជំងឺត្រអក។ វាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារស្បែកមិនឱ្យទទួលរងការបំផ្លាញថែមទៀតផង។ អ្នកក៏អាចលាបសាច់ល្ហុងទុំដែលកិនម៉ដ្ឋខាប់ៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាលផងដែរដើម្បីកាត់បន្ថយការរមាស់ និងឡើងក្រហម៕