ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសនាថ្ងៃទី២៨ ខែកញ្ញានេះថា ផ្អាកបណ្តោះអាសន្នផ្សារក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
រដ្ឋបាលខេត្តព្រៃវែងបានបញ្ជាក់ថា ការបិទផ្អាកនេះក្នុងគោលបំណងបង្ការទប់ស្កាត់ និងកាត់ផ្តាច់នូវការចម្លងនៃជំងឺកូវីដ-១៩ពីសហគមន៍មួយទៅសហគមន៍មួយក៏ដូចជា ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម។ កាលពីពេលថ្មីៗនេះ មានអាជីវករក្នុងផ្សារក្រុងព្រៃវែង រកឃើញវិជ្ជមានកូវីដ ក្រោយពីមានអារៈសង្ស័យ និងមានធ្វើតេស្ត ។
ទន្ទឹមនឹងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់ ដែលធ្លាប់បានប្រាស្រ័យទាក់ទងទាំងផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងសូមប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក ដើម្បីរកមេរោគកូវីដ-១៩នៅតាមមន្ទីរពេទ្យបង្អែក និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣ការពារ និង៣កុំ ៕