មិនត្រឹមតែបង្កអាការៈមិនស្រួលក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែអាការៈច្រាលអាស៊ីតក្រពះអាចបង្កផលប៉ះពាលគួរឱ្យបារម្ភមួយចំនួនលើសុខភាពមាត់ធ្មេញផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាចំនួន ៤ នៃបញ្ហាច្រាលអាស៊ីតក្រពះលើសុខភាពមាត់ធ្មេញ ៖
១. សឹកធ្មេញ
អាស៊ីតក្រពះដែលច្រាលមកមានផ្ទុកជាតិអាស៊ីតខ្ពស់ដែលអាចធ្វើឱ្យស្រទាប់ការពារធ្មេញ ឬកាចាធ្មេញទទួលរងការខូចខាត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាសឹកធ្មេញអាចបង្កើនហានិភ័យនៃបញ្ហាផ្សេងៗជាច្រើនទៀត។ ឧទាហរណ៍ ធ្មេញអាចប្រែជាស្រៀវខ្លាំង ហើយបង្កការឈឺចាប់នៅពេលទទួលទានអាហារនិងភេសជ្ជៈក្ដៅៗ ឬត្រជាក់ពេក។ បន្ទាប់មកធ្មេញអាចប្រែពណ៌ ហើយងាយនឹងប្រេះបែក។
២. រលាកអញ្ចាញធ្មេញ
ប្រសិនបើអាស៊ីតក្រពះអាចបង្កការបំផ្លាញដល់កាចាធ្មេញខ្លាំងហើយនោះ ចូរគិតទៅមើលថាតើវាអាចជះផលប៉ះពាល់ប៉ុណ្ណាដល់អញ្ចាញធ្មេញ? បុគ្គលមួយចំនួនដែលមានជំងឺច្រាលអាស៊ីតក្រពះតែងជួបប្រទះបញ្ហារលាកអញ្ចាញ។ ប្រសិនបើប្រហែសមិនអើពើ ការហើមរលាកអញ្ចាញអាចបណ្ដាលឱ្យធ្មេញប្រែជារលុង។
៣. ដំបៅក្នុងមាត់
អាការៈច្រាលអាស៊ីតក្រពះអាចបង្កការរលាកខ្លាំងលើជាលិកាក្នុងមាត់។ ជាលទ្ធផលអ្នកដែលទទួលរងការច្រាលអាស៊ីតក្រពះញឹកញាប់ងាយជួបបញ្ហាដំបៅពងបែកក្នុងមាត់ ហើយវាអាចបង្កការឈឺចាប់ខ្លាំងពិបាកញ៊ាំអាហារ ឬភេសជ្ជៈ និងសូម្បីតែនិយាយជាដើម។
៤. ខ្យល់ដង្ហើមមិនល្អ
ការច្រាលអាស៊ីតក្រពះអាចបង្កបញ្ហាក្លិនមាត់ ឬខ្យល់ដង្ហើមមិនល្អ។ គួបផ្សំនឹងការលេចឡើងនូវដំបៅក្នុងមាត់ ព្រមទាំងរលាកអញ្ចាញ គឺអាចបណ្ដាលឱ្យអ្នកពិបាកអនុវត្តអនាម័យមាត់ធ្មេញបានត្រឹមត្រូវណាស់ណាស់ដែលជាលទ្ធផលនៃបញ្ហាខ្យល់ដង្ហើមមិនល្អ។
ចំណុចគួរកត់សម្គាល់ ៖ វាពិតជាសំខាន់ណាស់ក្នុងការណាត់ជួបទទួលការពិនិត្យជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអ្នកមានជំងឺច្រាលអាស៊ីតក្រពះដែលមិនអាចគ្រប់គ្រងបានសូម្បីតែមានជំនួយពីថ្នាំ, របបអាហារ និងការផ្លាស់ប្ដូររបៀបរស់នៅ។ បន្ថែមពីនេះអាការៈច្រាលអាស៊ីតក្រពះញឹកញាប់អាចបង្កជាជំងឺច្រាលអាស៊ីតក្រពះតែម្ដងដែលជាអ្វីមួយបង្កបញ្ហាសុខភាពជាច្រើន សូម្បីតែជំងឺមហារីកបំពង់អាហារ៕