ចង់ទប់ស្កាត់មុនក្បាលខ្មៅមិនឱ្យលេចឡើងលើស្បែកមិនពិបាកឡើយ! ត្រូវធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ៤ចំនុចទប់ស្កាត់មុនក្បាលខ្មៅ ៖
១. ខាត់ស្បែកឱ្យបានទៀងទាត់
នេះក៏ព្រោះតែមួយក្នុងចំណោមមូលហេតុទូទៅផ្សេងទៀតនៃបញ្ហាមុនក្បាលខ្មៅនោះ គឺការប្រមូលផ្ដុំកោសិកាស្បែកងាប់ៗច្រើនលើសលប់លើស្រទាប់ស្បែកផ្នែកខាងលើដែលអ្នកចាំបាច់គួរខាត់ឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាអ្នកមិនគួរខាត់ស្បែកមុខច្រើនជាង ២ដងក្នុងមួយសប្តាហ៍ឡើយ។
២. ចៀសវាងលាងសម្អាតមុខញឹកញាប់ពេក
ប្រសិនបើអ្នកងាយនឹងឡើងមុនក្បាលខ្មៅលើស្បែក ចូរប្រាកដថាអ្នកមិនលាងសម្អាតមុខញឹកញាប់ពេក។ នេះក៏ព្រោះតែក្រពេញខ្លាញ់អាចនឹងផលិតជាតិខ្លាញ់កាន់តែច្រើនដែលបង្កើនហានិភ័យនៃការកើតមុនក្បាលខ្មៅ។ អ្នកគួរលាងសម្អាតមុខតែនៅពេលព្រឹកនិងមុនពេលចូលគេងបានហើយ។
៣. កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើម
មិនថាអ្នកមានស្បែកស្ងួត ឬស្បែកខ្លាញ់នោះទេ វាជាការសំខាន់ណាស់ក្នុងការប្រើប្រាស់ផលិតផលផ្ដល់សំណើមជាប្រចាំ។ វិធីនេះមិនត្រឹមតែទប់ស្កាត់បញ្ហាមុនក្បាលខ្មៅប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយការលេចឡើងនូវស្នាមខ្សែនិងស្នាមជ្រីវជ្រួញផងដែរ។ នៅពេលអ្នកប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកបានគ្រប់គ្រាន់ នោះក្រពេញខ្លាញ់នឹងមិនផលិតជាតិខ្លាញ់លើសកម្រិតដើម្បីទប់ស្កាត់ភាពស្ងួតនៃស្បែកទៀតឡើយ។ ទោះជាយ៉ាងណាអ្នកចាំបាច់គួរជ្រើសរើសផលិតផលផ្ដល់សំណើមឱ្យបានត្រឹមត្រូវតាមប្រភេទនៃស្បែកទើបប្រសើរ។
៤. លាងសម្អាតគ្រឿងសម្អាងចេញមុនពេលចូលគេង
អ្នកចាំបាច់គួរលាងសម្អាតគ្រឿងសម្អាងឱ្យអស់ពីស្បែកមុខនៅមុនពេលចូលគេង ប្រសិនបើចង់ទប់ស្កាត់មុនក្បាលខ្មៅ។ ការគេងទាំងគ្រឿងសម្អាងជាប់មុខអាចបណ្ដាលឱ្យស្ទះរន្ធញើសដែលជាកត្តាបង្កបញ្ហាមុនក្បាលខ្មៅ៕