ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ទឹកផ្លែឈើមួយចំនួន គឺល្អណាស់សម្រាប់សម្រកទម្ងន់ដែលលើស។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈក្រឡុកមួយចំនួនដែលល្អសម្រាប់អ្នកចង់ស្រកទម្ងន់ ៖
១. ទឹកស្វាយក្រឡុក
ផ្លែស្វាយមានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជាតិទឹកដែលធ្វើឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរចៀសវាងអ្នកទទួលទានអាហារផ្សេងទៀតច្រើនហួស។ បន្ថែមពីវាក៏មានផ្ទុកអង់ស៊ីមដែលជួយបំបែកប្រូតេអ៊ីនសម្រួលដល់ដំណើរការនៃការរំលាយអាហារផងដែរ។ ចំណែកឯជាតិសសៃធម្មជាតិនៃផ្លែស្វាយវិញ ជួយដល់ការរំលាយអាហារនិងការកម្ចាត់ចោលនូវកាកសំណល់។ ដើម្បីធ្វើភេសជ្ជៈស្វាយក្រឡុកអ្វីដែលអ្នកត្រូវការ គឺស្វាយទុំប៉ុន្មានដុំ (តាមចំណូលចិត្ត), ទឹកក្រូចឆ្មារស្រស់បន្តិច, ផ្លែបឺរទុំប៉ុន្មានដុំ (តាមចំណូលចិត្ត), បន្ថែមយ៉ាអួររសជាតិវ៉ានីឡាគ្មានជាតិស្ករតាមការចូលចិត្ត, ទឹកកក និងស្ករស (តាមចំណូលចិត្តផ្អែម ឬអត់)។ បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ក្នុងម៉ាស៊ីនក្រឡុក និងចាប់ផ្ដើមកិនក្រឡុករហូតដល់ម៉ដ្ឋសព្វល្អមុនចាក់ចូលកែវទទួលទានជាការស្រេច។
២. ទឹកចេកក្រឡុក
ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរដោយវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់។ លើសពីនេះទៅទៀតផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ដើម្បីធ្វើភេសជ្ជៈចេកក្រឡូកអ្វីដែលអ្នកត្រូវការ គឺចេកទុំប៉ុន្មានផ្លែ (តាមចំណូលចិត្ត, ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់, ទឹកឃ្មុំបន្តិច, យ៉ាអួរសុទ្ធគ្មានជាតិខ្លាញ់ និងទឹកកក។ បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនកិនក្រឡុក និងចាប់ផ្ដើមកិនក្រឡុករហូតដល់ម៉ដ្ឋសព្វចូលគ្នាមុនចាក់ចូលក្នុងកែវទទួលទាន។ អ្នកក៏អាចគ្រាន់តែទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង។
៣. ផ្លែបឺរក្រឡុក
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អ monounsaturated ប្រូតេអ៊ីន ជាតិសសៃ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ចាំបាច់ជាច្រើនពិសេសកំឡុងពេលអ្នកព្យាយាមសម្រកទម្ងន់។ ផ្លែបឺរក៏ជាប្រភពនៃអាស៊ីតខ្លាញ់ oleic ដែលជួយធ្វើអោយអ្នកឆាប់ឆ្អែត និងបានយូរផងដែរ។ ដើម្បីធ្វើទឹកបឺរក្រឡុកអ្វីដែលអ្នកត្រូវការ គឺយ៉ាអួរស៊ុតគ្មានជាតិខ្លាញ់ ១ពែង, ចេកទុំ ១ផ្លែ, ផ្លែបឺរទុំ ១ផ្លែ, ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ហើយអ្នកអាចប្រើប្រាស់ទឹកឆ្អិន ២ស្លាបព្រាបាយជំនួសការដាក់ទឹកកក។ បន្ទាប់មកដាក់គ្រឿងផ្សំទាំងចូលក្នុងម៉ាស៊ីនក្រឡុក និងកិនក្រឡុកឱ្យម៉ដ្ឋសព្វចូលគ្នា រួចសឹមចាក់ចូលកែវទទួលទានជាការស្រេច៕