ទម្លាប់មួយចំនួនអាចបង្កការបំផ្លាញដល់សុខភាពស្បែកក្បាលគួរឱ្យបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរបញ្ឈប់បើមិនចង់មានបញ្ហាស្បែកក្បាល ៖
១. ការជក់បារី
ទម្លាប់នេះមិនត្រឹមតែជះឥទ្ធិពលធ្ងន់ធ្ងរលើសុខភាពសួតប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ផលអវិជ្ជមានដល់ស្បែកក្បាលផងដែរ។ ដើម្បីផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅសក់ ស្បែកក្បាលត្រូវការឈាមគ្រប់គ្រាន់តាមតម្រូវការទទួលបាន ហើយការជក់បារីជាអ្វីមួយជះផលប៉ះពាល់ដល់ចរន្តឈាមរត់ ឬលំហូរឈាមទៅកាន់តែស្បែក។
២. ស្ត្រេស
ភាគច្រើននៃពួកយើងនៃពួកយើងសុទ្ធតែដឹងហើយថា ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសអាចបង្កការបំផ្លាញដល់ស្បែក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺស្បែកក្បាល ក៏ជាស្បែកដែរ! ដូច្នេះភាពស្ត្រេសប្រាកដជាជះឥទ្ធិពលដូចគ្នាលើផ្នែកនេះ។ ប្រសិនបើអ្នកចង់រក្សាបាននូវស្បែកក្បាលមានសុខភាពល្អ ចូរព្យាយាមរកវិធីគ្រប់គ្រងកម្រិតនៃភាពស្ត្រេសឱ្យត្រឹមត្រូវ។
៣. ត្រូវកម្ដៅថ្ងៃច្រើនពេក
កម្ដៅថ្ងៃគ្រប់គ្រាន់ គឺល្អសម្រាប់ស្បែក ប៉ុន្តែច្រើនពេកអាចផ្ដល់ផលប៉ះពាល់គួរឱ្យព្រួយបារម្ភទៅវិញ! ដូច្នេះដើម្បីជាការប្រសើរ ចូរចៀសវាងស្ថិតក្រោមពន្លឺព្រះអាទិត្យយូរពេក ខណៈដែលកាំរស្មីយូវីអាចបណ្ដាលឱ្យស្បែកក្បាលរលាក និងស្ងួត។ ក្នុងករណីត្រូវចេញក្រៅផ្ទះចន្លោះពីម៉ោង ១០ព្រឹកដល់ម៉ោង ៤រសៀល ចូរពាក់មួក ឬបាំងឆ័ត្រ។
៤. ប្រើប្រាស់ផលិតផលថែរក្សាសក់កម្រិតខ្លាំង ឬមានផ្ទុកសារធាតុគីមី
ផលិតផលទាំងនេះអាចបង្កការរលាក និងផ្ដល់ការខូចខាតដល់ស្បែកក្បាល។ ដូច្នេះដើម្បីជាការប្រសើរអ្នកអាចជ្រើសរើសប្រើប្រាស់ផលិតផលធម្មជាតិ ឬមានកម្រិតស្រាល។ បន្ថែមពីនេះគួរចៀសវាងការធ្វើស្ទាយល៍សក់មួយចំនួនផងដូចជា ការចងសក់តឹងៗពេក ឬម៉ដ្ឋណាដែលទាញសក់ខ្លាំងពីស្បែកក្បាលជាដើម។
៥. ការអេះខ្លាំង
ប្រសិនបើតិចៗ គឺមិនអីទេ ប៉ុន្តែការអេះខ្លាំងៗមិនល្អសោះឡើយសម្រាប់ទាំងស្បែកក្បាលនិងសក់។ អារម្មណ៍រមាស់លើស្បែកក្បាលអាចជាលទ្ធផលនៃការឆ្លងមេរោគផ្សិត ប្រតិកម្មអាឡែកស៊ី ឬការរលាកដែលបង្កគ្រោះថ្នាក់ដល់សក់ ហើយនាំឱ្យជ្រុះ។ ម្យ៉ាងវិញទៀតនៅពេលអ្នកចាប់ផ្ដើមអេះលើស្បែកក្បាល អ្នកកំពុងបំផ្លាញឬសនៃសក់ដែលជាមូលហេតុមួយនាំឱ្យសក់ជ្រុះផងដែរ៕