ជំងឺរលាកសន្លាក់កើតនៅលើមនុស្សជាច្រើននៅលើលោកនេះ ភាគច្រើនគឺអ្នកដែលមានអាយុពី៣០ទៅ៦០ឆ្នាំ។ វាធ្វើឱ្យមានការលំបាកនៅក្នុងការធ្វើចលនា ហើយជួនកាលធ្វើឱ្យឈឺចាប់យ៉ាងខ្លាំងនៅពេលយប់ ធ្វើឱ្យភ្ញាក់ដាច់ដំណេកជាញឹកញយ។
ចំពោះជំងឺរលាកសន្លាក់នៅដៃ អ្នកអាចអនុវត្តលំហាត់ចំនួន៨ខាងក្រោមនេះ ដើម្បីកាត់បន្ថយការឈឺចាប់បាន។
លំហាត់ទី១៖ ក្តាប់ដៃ
លំហាត់នេះងាយអនុវត្ត ហើយអាចអនុវត្តបាននៅគ្រប់ទីកន្លែង។ កាលណាអ្នកមានអារម្មណ៍ថាដៃរឹង ចូរដាក់ដៃឱ្យត្រង់ រួចចាប់ក្តាប់ម្រាមដៃចូលបន្តិចៗ ដោយដាក់មេដៃនៅខាងក្នុង។ បន្ទាប់មក លាម្រាមដៃយឺតៗមកវិញ។
លំហាត់ទី២៖ បត់មេដៃ
ដាក់ដៃផ្ងារ រួចបត់មេដៃចូល ទៅរកកូនដៃ។ ជួនកាលអ្នកមិនអាចបត់មេដៃដល់កូនដៃបានទេ តែសូមកុំបារម្ភថ្វី បត់បានប៉ុនណាទុកត្រឹមហ្នឹងចុះ ឱ្យបានមួយសន្ទុះ រួចបត់មេដៃមកវិញ។ អនុវត្តឱ្យបាន១០ ដង។
លំហាត់ទី៣៖ បត់ម្រាមដៃ
ដាក់ដៃឱ្យត្រង់។ បត់មេដៃចូលទៅរកបាតដៃ មួយសន្ទុះក្រោយមកលាមេដៃមកវិញ។ បត់ចង្អុលដៃម្តង រួចអនុវត្តដូចគ្នាចំពោះម្រាមដៃឯទៀត។ កាលណាអនុវត្តចំពោះដៃឆ្វេងរួចហើយ ចាប់អនុវត្តចំពោះដៃស្តាំវិញម្តង។
លំហាត់ទី៤៖ បត់ម្រាមដៃជារង្វង់
ដាក់ដៃឱ្យត្រង់ លាម្រាមដៃទាំងអស់ រួចបត់ម្រាមទាំងអស់ចូល ឱ្យបានជារង្វង់មូលមួយ។ មួយសន្ទុះក្រោយមក លាម្រាមដៃចេញទៅវិញ។
លំហាត់ទី៥៖ លើកម្រាមដៃឡើងលើ
ដាក់ដៃឱ្យត្រង់ បាតដៃចុះក្រោម។ ប្រឹងលើកម្រាមមួយម្តងៗឡើងលើ ទុក២វិនាទី រួចដាក់ចុះមកវិញ។ កាលណាអនុវត្តចំពោះដៃឆ្វេងរួចហើយ ចាប់អនុវត្តចំពោះដៃស្តាំវិញម្តង។
លំហាត់ទី៦៖ បត់ម្រាមដៃលើតុ
ដាក់ដៃលើតុ កូនដៃនៅខាងក្រោម មេដៃនៅខាងលើ។ ទុកមេដៃឱ្យនៅត្រង់ដដែល បត់ម្រាមឯទៀតចូលឱ្យបានជាអក្សរ L មួយ។ ទុកដូច្នេះមួយសន្ទុះ រួចលាម្រាមទៅវិញ។ អនុវត្តលំហាត់នេះ១០ដងរាល់ព្រឹក។
លំហាត់ទី៧៖ ពត់កដៃ
ដាក់ដៃឱ្យត្រង់ បាតដៃចុះក្រោម។ យកដៃម្ខាងទៀតទៅពត់ម្រាមទាំងអស់ឡើងលើ រហូតទាល់តែកដៃឡើងតឹង ទុកក្នុងស្ថានភាពនេះមួយសន្ទុះ រួចលែងម្រាមដៃទៅវិញ។ អនុវត្តឱ្យបាន១០ដងក្នុងមួយ ព្រឹកៗ។
លំហាត់ទី៨៖ ពត់ម្រាមចេញចូល
ដាក់ម្រាមដៃឱ្យត្រង់ ពត់ម្រាមចេញក្រៅតាមដែលអាចធ្វើទៅបាន ទុកក្នុងស្ថានភាពនេះមួយសន្ទុះ រួចពត់ចូលមកវិញរហូតទាល់តែបានទៅជាដៃក្តាប់។ អនុវត្តឱ្យបានយ៉ាងតិច២ដងក្នុង១ព្រឹកៗ។