មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានសម្តែងការព្រួយបារម្ភនៅថ្ងៃទី៦ខែសីហាអំពីការឆ្លងកូវីដ១៩ បន្ទាប់ពីបានឃើញមនុស្សបាន ដើរលេងច្រើននិងនៅកកកុញហើយមិនបានអនុវត្តបានត្រឹមត្រូវវិធានការបីការពារនិងបីកុំ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិាបាលនិង ជាអ្នកនាំពាក្្យបានសរសេរ នៅក្នុងហ្វេសប៊ុករបស់លោកស្រីថា “ខ្ញុំសូមក្រេីនរំលឹកថា សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណានោះក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដទៃ នៅក្នុងសហគមន័ដែលបុគ្គលនោះរស់នៅ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ ដែលអាចឈានទៅដល់មាន ការស្លាប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន”។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “ក្រោយពី ខ្ញុំបានឃេីញរូបភាពដេីរកំសាន្តរបស់បងប្អូន ប្រជាពលរដ្ឋ នៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រេីនកុះករពេកហេីយៗ មិនមានអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រេីនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួកដែលតា កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស៉” ។
លោកស្រីបន្យល់ថា ហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកេីតឡេីងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែល បងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមាន:ចង់ចូលទៅលេងទឹក ឫកំសាន្តបែបយុវវ័យជុំៗគ្នាច្រេីន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច។
បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រេីនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រេីន ឫនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រេីន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្តវិធានការការពារខ្លួននេះឯង។ តាមរូបភាពដែលខ្ញុំបានឃេីញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ។
លោកស្រិបានចោទសួរថា “ ជីវិតយេីងមានតែមួយគត់ បេីស្លាប់បាត់ទៅ តេីការសប្បាយតែមួយភ្លែត ឫមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ?”
ការអនុញ្្ញាតអោយប្រជាជនកម្ពុជាដើរកម្សាន្តភ្ជំបិណ្ឌនេះគឺជារសាកល្បងដ៏ធំមួយដើម្បីដឹងថាតើកម្ពុជាអាចគ្រប់គ្រងកូវីដ១៩បានឬទេ ដើម្បីឈានដល់ការបើកដំណើរការផ្នែកសំខាន់ៗនៃសេដ្ឋកិច្ចពិសេសផ្នែកទេសចរណ៍និងសេវាកម្ម៕