ក្រសួងសុខាភិបាលនាថ្ងៃទី០៩ តុលា ២០២១ នេះ បានអះអាងដោយផ្តោតក្តីសង្ឃឹមថាកម្ពុជាយើងអាចនឹងចេញពីប្រអប់ COVID-19 បានភ្លាមៗ នៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ បានត្រឹមត្រូវ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការរៀនសូត្រដោយការអនុវត្តន៍ដោយប្រុងប្រយ័ត្ននូវវិធានការការពារចាំបាច់នានា អនុញ្ញាតឱ្យយើងវិលត្រឡប់មករកភាពប្រក្រតីភាពថ្មីដោយបើកដំណើរការអាជីវកម្មដោយសុវត្ថិភាព។
ទន្ទឹមនឹងការលើកឡើងដូច្នេះ សម្រាប់ថ្ងៃនេះដែរកម្ពុជាយើងមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២២០នាក់ (តាមរយៈម៉ាស៊ីន PCR) ដែល២០៣នាក់ជាករណីឆ្លងសហគមន៍ និង ១៧នាក់ជាអ្នកដំណើរពីបរទេស។ ទន្ទឹមនឹងតួលលេខនេះដែរ កម្ពុជាក៏មានចំនួនអ្នកជាសះស្បើយច្រើនដល់ទៅ ៥៣៧នាក់ គួរកត់សម្គាល់ ខណៈមានអ្នកស្លាប់ថ្មីចំនួន២៣នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប ១១៤.៥៧១ , ចំនួនអ្នកសះស្បើយសរុប ១០៧.៣៧៦នាក់ និងចំនួនអ្នកស្លាប់សរុប ២.៤៨២នាក់៕