ការដើរដោះស្បែកជើង គឺមិនល្អសោះឡើយ! សូម្បីតែដើរតែនៅក្នុងផ្ទះក៏ដោយ (អ្នកអាចជ្រើសរើសស្បែកជើងសម្រាប់ពាក់ក្នុងផ្ទះ)។ ហេតុអ្វីទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរដើរដោះស្បែកជើង ៖
១. ងាយនឹងប៉ះពាល់ជាមួយបាក់តេរីកាន់តែច្រើន
ទោះបីជាអ្នកទើបនឹងជូតសម្អាតកម្រាលឥដ្ឋរួចក៏ដោយ ក៏មិនមែនមានន័យថាជ្រះស្អាតមេរោគបាក់តេរីទាំងស្រុងដែរ។ កម្រាលឥដ្ឋអាចមើលទៅស្អាត ប៉ុន្តែជាក់ស្ដែងនៅតែមានជាប់ភាពកខ្វក់ ឬធូលីក្នុងផ្ទះដែលមានផ្ទុកបាក់តេរីគ្រោះថ្នាក់ និងមេរោគផ្សិត។ ប្រសិនបើអ្នកដើរចុះឡើងៗដោយជើងទទេរ នោះវាហាក់ដូចជាអ្នកកំពុងតែបណ្ដោយឱ្យពពួកបាក់តេរីនិងមេរោគផ្សិតមានឱកាសបង្កផលប់ះពាល់លើស្បែកនៃជើងហើយ។ ជាលទ្ធផលក្រចកមេជើងអាចឆ្លងមេរោគផ្សិត និងប្រែជាមានសភាពលឿង ហើយផុយស្រួយឆាប់បាក់។
២. ផ្ទៃរឹងមិនល្អសម្រាប់ប្រអប់ជើងឡើយ
ការដើរជើងទទេរលើស្មៅអាចផ្ដល់អារម្មណ៍ល្អ និងអាចសូម្បីតែកាត់បន្ថយភាពស្ត្រេស ប៉ុន្តែការធ្វើបែបនេះក្នុងផ្ទះអាចជះផលប៉ះពាល់ច្រើនជាងលើសុខភាពប្រអប់ជើង។ ផ្ទៃទន់អាចអនុញ្ញាតឱ្យប្រអប់ជើងស្រុតចុះទៅតាមធម្មជាតិ និងជួយទ្រផ្នែកខាងក្នុងនៃប្រអប់ជើង។ ប៉ុន្តែកម្រាលឥដ្ឋភាគច្រើន គឺរឹងខ្លាំង ហើយការដើរដោយគ្មានជំនួយពីស្បែកជើងអាចបង្កភាពឈឺចាប់ដល់កែងជើងនិងជង្គង់ទាំងសងខាង។
៣. វាអាចបណ្ដាលឱ្យរងរបួស
ការដោះស្បែកជើងចេញអាចអនុញ្ញាតឱ្យប្រអប់ជើងដកដង្ហើមបានស្រួល និងមានអារម្មណ៍ល្អក្រោយពេលហត់ពេញមួយថ្ងៃ ប៉ុន្តែការដើរចុះឡើងក្នុងផ្ទះដោយគ្មានស្បែកជើងអាចបង្កើនហានិភ័យនៃការរងរបួសផ្សេងៗ ព្រមទាំងការដួល។
៤. វាអាចបណ្ដាលឱ្យឈឺខ្នង
ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ឈឺប្រអប់ជើងក្រោយពេលដើរជើងទទេរលើផ្ទៃរឹងអាចបណ្ដាលប្រអប់ជើងមានការបែងចែកទម្ងន់មិនស្មើគ្នា។ អតុល្យភាពនេះអាចបង្កជាភាពឈឺចាប់ប្រអប់ជើង និងសូម្បីតែផ្នែកខាងលើផ្សេងទៀតដូចជាជង្គង់ ក៏ដូចជាខ្នង។
៥. វាអាចបណ្ដាលឱ្យជើងមានក្លិនស្អុយ
ក្រៅពីធ្វើឱ្យជើងនិងខ្នងឈឺហើយនោះ ការដើរជើងទទេរក័អាចបណ្ដាលឱ្យរាងកាយមានក្លិនមិនល្អផងដែរ។ ការមិនពាក់ស្បែកជើងមានន័យថា ជើងមិនទទួលបានការការពារប្រឆាំងបាក់តេរីឡើយ។ នៅពេលអ្នកដើរជើងទទេរ អ្នកងាយនឹងប៉ះផ្ទាល់ជាមួយមេរោគឆ្លងផ្សេងៗដែលបណ្ដាលឱ្យជើងប្រែជាមានក្លិនស្អុយ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ។ វាមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹងប៉ុណ្ណោះ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការអនុវត្តតាមអត្ថបទខាងលើនោះទេ។ សូមបញ្ជាក់ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីទទួលការពិនិត្យនិងព្យាបាលបានត្រឹមត្រូវ៕