កំពុងស្វែងរកអាហារសម្រន់មានរសជាតិឆ្ងាញ់ ហើយល្អសម្រាប់សុខភាពមែនទេ? មិនពិបាកចំណាយច្រើន ឬទៅណាឆ្ងាយឡើយ ក៏ព្រោះ គ្រាប់ល្ពៅ គឺជាអ្វីដែលអ្នកកំពុងរកនោះហើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានគ្រាប់ល្ពៅជាក់ជាមិនខាន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងអំពីសារធាតុចិញ្ចឹមសំខាន់ៗដែលវាមានផ្ទុក ហើយផ្ដល់ផលល្អយ៉ាងណាខ្លះចំពោះសុខភាពឡើយ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានគ្រាប់ល្ពៅ អ្នកអាចយកគ្រាប់ល្ពៅទៅលីងសិនមុននឹងយកមកញុាំ ៖
១. ទប់ស្កាត់ និងព្យាបាលជំងឺរលាកសន្លាក់
គ្រាប់ល្ពៅ មានផ្ទុកសារធាតុប្រឆាំងការរលាកដែលមានប្រសិទ្ធិភាពដូចទៅនឹងថ្នាំបំបាត់ការឈឺចាប់ ឬការរលាក Indomethacin។ ថ្នាំ Indomethacin ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺរលាកសន្លាក់ដោយគ្មានផលប៉ះពាល់។
២. កាត់បន្ថយបញ្ហានៃអាការៈក្រោយអស់រដូវ
គ្រាប់ល្ពៅ មានផ្ទុកសម្បូរទៅដោយសារធាតុ phytoestrogens ដែលជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ ហើយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់, អាការៈឈឺក្បាល, ក្ដៅខ្លួន, ឈឺសន្លាក់ និងរោគសញ្ញាក្រោយអស់រដូវមួយចំនួនទៀតនៃស្ត្រីអស់រដូវ។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំ
គ្រាប់ល្ពៅ ក៏ជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសីដែលដើរតួនាទីយ៉ាងចាំបាច់ក្នុងមុខងារប្រព័ន្ធភាពស៊ាំរាងកាយ។
៤. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
គ្រាប់ល្ពៅ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលជួយទប់ស្តាត់មិនឲ្យមានការបំផ្លាញកោសិកាល្អពីរ៉ាឌីកាល់សេរី ដូច្នេះកោសិកាមហារីក ឬកោសិកាមិនប្រក្រតី មិនអាចរីកលូតលាស់បានឡើយ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម phytonutrients ដែលបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ និងសម្រួលលំហូរឈាម។ វាក៏ជាប្រភពនៃវីតាមីន E និងអាស៊ីត phenolic acids ដូចជា caffeic, hydroxybenzoic, coumaric, sinapic, ferulic, protocatechuic, vanillic និង syringic acid ដែលសុទ្ធសឹងតែជាសមាសធាតុល្អសម្រាប់សុខភាពរាងកាយទប់ស្កាត់បញ្ហាជំងឺផ្សេងៗ។
៥. សុខភាពបេះដូង
គ្រាប់ល្ពៅ ក៏ជាប្រភពដ៏សម្បូរនៃជាតិម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់មុខងារសរីរាង្គរួមបញ្ចូលទាំងការបង្កើតម៉ូលេគុលថាមពលនៃរាងកាយ, ការសំយោគ DNA និង RNA និង DNA, ពង្រឹងសុខភាព រួមទាំងការលូតលាស់ត្រឹមត្រូវនៃឆ្អឹង និងធ្មេញ, ផ្ដល់ការសម្រាកដល់សសៃឈាម, ធ្វើឲ្យមុខងារពោះវៀនកាន់តែប្រសើរឡើង ជាពិសេស គឺពង្រឹងសុខភាពបេះដូង ហើយថែមទាំងកម្រិតភាពត្រឹមត្រូវនៃអត្រាចង្វាក់បេះដូងផងដែរ។
៦. សុខភាពក្រពេញប្រូស្តាត
គ្រាប់ល្ពៅ គឺជាអាហារធម្មជាតិដ៏សំខាន់បំផុតមួយសម្រាប់ទ្រទ្រង់សុខភាពបុរស។ នោះក៏ព្រោះតែបរិមាណនៃជាតិស័ង្កសីដែលវាមានផ្ទុក គឺចាំណាស់សម្រាប់សុខភាពក្រពេញប្រូស្តាត។
៧. ផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម
គ្រាប់ល្ពៅ មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយរក្សាសុខភាពសាច់ដុំរឹងមាំ, រក្សាតុល្យភាពនៃជាតិរ៉ែសំខាន់ៗ, គ្រប់គ្រងសារធាតុរាវក្នុងរាងកាយ រួមទាំងកម្រិតត្រឹមត្រូវនៃសម្ពាធឈាម។តាមរយៈបរិមាណនៃជាតិប៉ូតាស្យូមដែលវាមានផ្ទុក គ្រាប់ល្ពៅ ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោម និងការបាត់បង់ម៉ាសនៃឆ្អឹងតាមវ័យផងដែរ៕