ការស្រាវជ្រាវថ្មីបានបង្ហាញថា ការលេបថ្នាំវីតាមីន B អាចជួយបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ។
ការស្រាវជ្រាវពីមុនៗបានបង្ហាញអំពីថា តើការលេបថ្នាំវីតាមីន B មានឥទ្ធិពលលើហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងការគាំងបេះដូងឬយ៉ាងណា ។ ការស្រាវជ្រាវមួយចំនួនបានសរុបថា ការប្រើថ្នាំវីតាមីន B អាចបង្កើនហានិភ័យ ។
ពួកគេបានវិភាគលើការស្រាវជ្រាវ១៤ ដែលរួមមានមនុស្សសរុបជិត ៥៥.០០០នាក់ ។ គ្រប់ការស្រាវជ្រាវទាំងអស់បានប្រៀបធៀបការប្រើប្រាស់ថ្នាំវីតាមីន B ជាមួយនឹងplacebo ឬកម្រិតទាបបំផុតនៃវីតាមីន B។
អ្នកចូលរួមត្រូវបានគេតាមដានតិចបំផុត៦ខែ ។ វាមានសរុបគឺជិត២.៥០០នាក់នៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាលក្នុងចំនោមអ្នកចូលរួមក្នុងការស្រាវជ្រាវ, ដែលមួយចំនួនទទួលបានអត្ថប្រយោជន៍មួយចំនួននៃការប្រើថ្នាំវីតាមីន B។
សរុបមក, ថ្នាំគ្រាប់វីតាមីន B បានបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដល់ទៅ៧% ប៉ុន្តែមិនបង្ហាញនូវការថយចុះភាពធ្ងន់ធ្ងរនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬហានិភ័យនៃការស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ ។
អ្នកស្រាវជ្រាវបានរកឃើញថា អាស៊ីតហ្វូលីក ដែលជាទម្រង់មួយនៃវីតាមីន B9 បានបង្ហាញថាបន្ថយឥទ្ធិពលវិជ្ជមាននៃវីតាមីន B។ ពួកគេក៏បានរកឃើញថា វីតាមីន B12 ក៏មិនមានឥទ្ធិពលលើហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។
ស៊ូ យ៉ូមីង (Xu Yuming) ដែលមកពីសាកលវិទ្យាល័យ Zhengzhou បាននិយាយថា ដោយពឹងផ្អែកទៅលើលទ្ធផល, សមត្ថភាពនៃវីតាមីន B ដើម្បីបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលអាចត្រូវបានជះឥទ្ធិពលដោយកត្តាមួយចំនួនដទៃទៀតដូចជា អត្រានៃការស្រូបនៃខ្លួន, បរិមាណនៃអាស៊ីតហ្វូលីក ឬវីតាមីន B12 នៅក្នុងឈាម និងថាតើមនុស្សនោះមានជំងឺតម្រងនោម ឬលើសឈាមឬយ៉ាងណា។
យ៉ូមីងបានបន្ថែមថា មុននឹងអ្នកចាប់ផ្តើមប្រើថ្នាំនោះ, អ្នកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន។
អ្នកឯកទេសមួយរូបបានយល់ស្រប និងសម្គាល់ថា ជំងឺដាច់សរសៃឈាមខួរក្បាលអាចត្រូវបានបង្កឡើងដោយកត្តាផ្សេងៗគ្នាជាច្រើន។
វេជ្ជបណ្ឌិត រ៉ាហ្វាអែល អាឡិចសេនដឺរ អរធីស (Rafael Alexander Ortiz) ដែលមកពីមន្ទីរពេទ្យ Lenox Hill បាននិយាយថា ជំងឺស្ទះសរសៃឈាមខួរក្បាលអាចមានមូលហេតុខុសគ្នាជាច្រើន, ដែលមូលហេតុទូទៅបំផុតគឺជំងឺលើសឈាម, ជំងឺទឹកនោមផ្អែម, កម្រិតកូឡេស្តេរ៉ុលខ្ពស់, ជក់បារី និងធាត់។ មានក្រុមនៃអ្នកជំងឺដែលអាចទទួលរងនៃជំងឺដាច់សរសៃឈាមខួរក្បាលដែលត្រូវបានបង្កឡើងដោយកង្វះវីតាមីន និងអង់ស៊ីម។
វេជ្ជបណ្ឌិត អាល់ប៊ឺត ហ្វាវាត (Albert Favate) បាននិយាយថា ការស្រាវជ្រាវបានកំណត់ពីសារធាតុដែលមាន និងត្រូវបានបង្ហាញថាមានឥទ្ធិពលវិជ្ជមានលើការថយចុះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលក្នុងចំនោមក្រុមមួយចំនួនតូច៕