ចង់បំបាត់អាការៈក្អួតកំឡុងពេលមានផ្ទៃពោះមិនពិបាកឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិបញ្ឈប់អាការៈក្អួតកំឡុងពេលមានផ្ទៃពោះ ៖
១. ទឹកក្រូចច្របាច់ស្រស់ៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកក្រូចច្របាច់ស្រស់ៗ ១កែវនៅពេលមានអារម្មណ៍មិនស្រួលចង់ក្អួត។ ក្លិនប្រហើរឈ្ងុយនៃក្រូចឆ្មារអាចជួយព្យាបាលអាការៈចង្អោរចង់ក្អួត និងបញ្ឈប់ក្អួតបានយ៉ាងប្រសើរ។
២. ទឹក
អ្នកចាំបាច់ត្រូវបង្កើនការទទួលទានទឹក ប្រសិនបើកំពុងជួបបញ្ហាក្អួតកំឡុងពេលមានផ្ទៃពោះ។ ព្យាយាមក្រេបទឹកម្ដងបន្តិចៗដើម្បីពិនិត្យមើលថាតើក្រពះរបស់អ្នកទ្រទ្រង់បានឬអត់! អ្នកក៏ត្រូវតែទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំដើម្បីទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ សម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវប្រឈមមុខនឹងអាការៈក្អួត គឺត្រូវប្រាកដថាបានទទួលទានទឹកច្រើនគ្រប់គ្រាន់វិញដើម្បីបំពេញជាតិទឹកដែលបាត់បង់។ អ្នកអាចទទួលទានទឹកត្រជាក់នៅពេលមានអារម្មណ៍ចង្អោរចង់ក្អួត ឬរកកលនឹងក្អួតពិតជាអាចជួយឱ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន។
៣. តែខ្ញី
ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយការរលាកផ្សេងៗដែលបង្កអាការៈចង្អោរចង់ក្អួត។ លើសពីនេះទៅទៀត ខ្ញីក៏ជាប្រភពនៃសារធាតុ gingerol ដែលមានឥទ្ធិពលយ៉ាងប្រសើរលើប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធសសៃប្រសាទកណ្ដាលជួយសម្រាលអាការៈចង្អោរចង់ក្អួត, ឈឺពោះ រាគ ព្រមទាំងជំងឺមួយចំនួនផ្សេងទៀតពាក់ព័ន្ធជាមួយការរំលាយអាហារបានយ៉ាងប្រសើរផងដែរ។ ដើម្បីបំបាត់អាការៈចង្អោរចង់ក្អួតបានឆាប់ ចូរទទួលទានតែខ្ញីមួយពែង។ អ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចក្នុងតែខ្ញីមុននឹងទទួលទានក៏បាន។
៤. អាហារមានផ្ទុកវីតាមីន B6
ការរួមបញ្ចូលអាហារមានផ្ទុកវីតាមីន B6 ដូចជាពពួកសណ្ដែក Legumes, គ្រាប់ធញ្ញជាតិ, សណ្ដែងសៀង, សាច់មាន់ និងត្រី ជាដើមអាចជួយបំបាត់អាការៈចាញ់កូន និងចង្អោរចង់ក្អួតបានយ៉ាងប្រសើរ។ ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់វីតាមីន B6 អ្នកចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។
៥. ជីអង្កាម
ជីអង្កាម គឺជាឱសថបែបធម្មជាតិមួយទៀតដែលជួយសម្រួលសាច់ដុំក្រពះបំបាត់អាការៈចង្អោរ និងក្អួត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែជីអង្កាម ឬហិតប្រេងជីអង្កាមជាការស្រេច។ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចក្នុងតែជីអង្កាមមុននឹងទទួលទានក៏បាន។
៦. ភេសជ្ជៈទឹកក្រូចឆ្មារ
រសជាតិជូរនៃក្រូចឆ្មារអាចជួយបំបាត់អាការៈចង្អោរចង់ក្អួតបានយ៉ាងប្រសើរ។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់បន្តិចជាមួយតែខ្ញីរួចទទួលទានជាការស្រេច។ អ្នកក៏អាចលាយទឹកក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១កែវ រួចបន្ថែមទឹកឃ្មុំចូលបន្តិចសឹមទទួលទាន។
៧. យ៉ាអួរ
ជាប្រភពដ៏ប្រសើរនៃប្រូបាយអូទិកដែលល្អសម្រាប់សម្រួលការរំលាយអាហារកាត់បន្ថយអាការៈក្អួតកំឡុងពេលមានផ្ទៃពោះ។ អ្នកអាចទទួលទានយ៉ាអួរសុទ្ធ ១ចានគោមម្ដង ទៅ ២ដងក្នុងមួយថ្ងៃជាប្រចាំ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕